ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅស្រុកពញាឮដកហូតថ្នាំញៀន១៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកពញាឮ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញឮ ខេត្តកណ្តាល កាលពីវេលាម៉ោង៧ និង០៥នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកចំនួន១៧កញ្ចប់ (កញ្ចប់ធំ១កញ្ចប់ ,កញ្ចប់មធ្យម១កញ្ចប់ និងកញ្ចប់តូច១៥កញ្ចប់) ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង ,ទូរស័ព្ទដៃ០៤គ្រឿង ,ដាវសាំម៉ូរ៉ៃ០១ដើម ,កាំបិតផ្គាក់០១ដើម និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនល្មើសជាមុខសញ្ញាជួញដូរគ្រឿងញៀននោះឈ្មោះ នុត សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញឮ ។

ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំកំពង់លួង ដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសយកគ្រឿងញៀនមករក្សាទុកនៅផ្ទះជាច្រើនកញ្ចប់ ដើម្បីជួញដូរទើបសមត្ថកិច្ចឆ្មក់ចូលទៅបង្រ្កាបចាប់ខ្លួនចនល្មើសរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

as-1 as-2 as-3 as-4


ចែករំលែក៖