ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៤ មានរៀបចំពិធីចែកអំណោយអាវរងា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យយោធភូមិភាគទី៥ ក្នុងខេត្តប៉ៃលិន ដែលមាននាយទាហាន ពលទាហាន ប្រមាណជា៥០០នាក់ចូលរួម ។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិកាចម្រុះកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការយោធភូមិភាគទី៥ , លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន, នាយទាហាន, នាយទាហានរង, ពលទាហាន, នាយពលអាវុធហត្ថ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ។
ពិធីនេះប្រារព្ធធ្វើនៅក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៤ (ស្រែម្អម ) ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមរបាយការណ៍ដែលអ្នកយកព័ត៌មានទទួលបាន បញ្ជាក់ថា ៖ កងកម្លាំងប្រដាប់អាវុធ ដែលមកទទួលអាវរងានាពេលនេះ មកពីស្រុកសំពៅលូន, ស្រុកភ្នំព្រឹក , ស្រុកកំរៀង, ស្រុកសំឡូត នៃខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិននេះតែម្តង ។
នៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយអាវរងា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ លោក នាយឧត្តមសេនីយ៍បណ្ទិត គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិកាចម្រុះកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចមិនភ្លេចទេនូវគុណបំណាច់ របស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ។
លោកនាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថា៖ ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ យើងត្រូវរក្សាឲ្យបាននូវបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ហើយប្រសិនមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងអង្គភាព យើងមិនត្រួវផ្សព្វផ្សាយឲ្យមជ្ឈដ្ឋានខាងក្រៅដឹងនោះទេ ពិសេសគឺបណ្តាញសង្គមហ្វេសបុកជាដើម ដូច្នេះធ្វើយ៉ាងណាយើងត្រូវចេះសាមគ្គីគ្នា មិនត្រួវបែកបាក់គ្នាឡើយ ។
លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តទៀតថា៖ ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតនេះ សូមឲ្យបងប្អូនកងកម្លាំងទាំងអស់ នាំប្រពន្ធកូន ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាតំណាងយើងទាំងអស់គ្នា ឲ្យទទួលបានជោគជ័យនាពេលខាងមុខនេះ ។
ក្នុងពិធីជួបសំណោះសំណាល សាកសួរសុខទុក្ខ និងចែកអាវរងារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក នាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ បានចែកអាវរងាចំនួន៤០៩១អាវ ជូនដល់នាយទាហាន, នាយទាហានរង, ពលទាហាន , នាយពលអាវុធហត្ថ ចំនួនជាង៥០០នាក់ផងដែរ ៕ ស សារ៉េត