ខេត្តស្ទឹងត្រែង៖ កុងត្រូលត្រួតពិនិត្យអាវុធជាតិផ្ទុះពិនិត្យចំរថយន្តដឹកឈើប្រណីត បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកធ្វើដំណើរតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកច្រមុះជ្រូកចុងចំការមៃសាក់ កន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា រថយន្តសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្ទឹងត្រែង ២A.០១៨០ ចេញពីទីរួមខេត្តបម្រុងបុកផ្តាច់កុងត្រូល តែចៃដន្យ សមត្ថកិច្ចដឹងទាន់ ស្ទាក់ឃាត់រថយន្តមួយគ្រឿង ផ្ទុកសុទ្ធតែឈើប្រណីត និងតៃកុងម្នាក់ផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីការសួរនាំ តៃកុងនោះឆ្លើយថា រត់ការអស់ហើយ ទើបជាន់យកតែម្តងទៅ ។
លោកសួន ម៉េង លី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡបាននិយាយថា លោកបានទៅទទួលរថយន្តដឹកឈើពីសមត្ថកិច្ចចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះបង្ក្រាបបាននៅចំណុចខាងលើ ទាំងឈើ និងរថយន្តមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ហើយឈើទាំងអស់មានចំនួន៥៤សន្លឹក ស្មើនឹងជាង៣ម៉ែត្រគូប ឈើសុក្រំ លាយធ្នង់ ឯមនុស្សផាកពិន័យទៅតាមច្បាប់អន្តរកាលរួចបានដោះលែងទៅវិញហើយដែរ ។
គួររំលឹកផងដែរថា រាល់ការបង្ក្រាបបទល្មើស ឈ្មួញរកស៉ីដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ សមត្ថកិច្ចខេត្តតែងតែចាត់ទុកឈើជាអ្នកមានទោសទៅវិញ ឯមនុស្សអ្នកកាប់បំផ្លាញរកស៉ីដឹកជញ្ជូនធ្វើឲ្យបាត់បង់ព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិជាដើម ។ល។
បែរជាផាកពិន័យរួចដោះលែង ឲ្យធ្វើសកម្មភាពលើសដើមទៅវិញហើយពេលខ្លះ ចាប់បានតែឈើ និងរថយន្ត ចំណែកម្ចាស់រត់បាត់ ឬក៏រកម្ចាស់មិនឃើញ ប្រហែលជាទុកដោះស្រាយក្រៅប្រព័ន្ធទេដឹង? ៕ មាស សុផាត