ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយបានបង្កឡើងដោយរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកបរក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងផងនោះ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះឌុបគ្នាដោយបុរស៣នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឲ្យផ្លោងជនរងគ្រោះបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ដែលចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ តាន់ ពិសិដ្ឋ ហៅម៉េង ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកបើកម៉ូតូ)។ ទី២ឈ្មោះ ជុំ វេត ភេទប្រុស អាយុ៣០ឆ្នាំ (ជិះពីក្រោយ)។ និងទី៣មានឈ្មោះ ឃុត ពិសី ភេទប្រុស អាយុ២២ឆ្នាំ(ជិះពីក្រោយ) អ្នកទាំង៣នាក់ ស្នាក់នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ស្លាប់ទាំង៣នាក់។ ចំណែករថយន្តបង្កមិនចាំម៉ាក បានបើករត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូរបស់ជនរងគ្រោះបានជិះឌុបគ្នា៣នាក់ក្នុងទិសដៅពីលិចមកកើត តាមបណ្តោយផ្លូវកើតហេតុខាងលើ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កមួយគ្រឿង មិនចាំម៉ាក បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ ខណះដល់កន្លែងកើតហេតុក៏បានបុកគ្នាពេញទំហឹង លាន់ឭដូចរន្ទះបណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ ផ្លោងបោកក្បាលទៅលើដងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបានប្រញាប់បើករត់គេចខ្លួនបាត់ស្រមោល ចំណែកម៉ូតូរងការខូចខាតទាំងស្រុង ។ ប៉ុន្តែដោយសារតែក្រុមគ្រួសារជនរងគ្រោះ២នាក់ទៀត មិនអស់ចិត្ត បានដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណា ជនរងគ្រោះបានស្លាប់ទៅហើយ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ និងបានដោះដៃតាមវិទ្យុទាក់ទងដើម្បីតាមស្ទាក់ចាប់រថយន្តខាងលើ ប៉ុន្តែរកមិនឃើញនោះទេ។
បច្ចុប្បន្នចំពោះសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារវិញ ៕ ជីម ភារ៉ា ដង្កោ