ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកព្រឹទ្ធភា ហ្វីលីពីន ចាប់ផ្តើមប្តឹងប្រធានាធិបតីឌូទឺរទេ

ចែករំលែក៖

នៅថ្ងៃទី៧ ខែវិច្ឆិកា សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Leila De Lima បានចាប់ផ្តើមប្តឹងប្រធានាធបិតី ឌូ ទឺរទេ ឡើងទៅកាន់តុលាការកំពូល ស្នើឲ្យរដ្ឋាភិបាលបញ្ចប់ការប្រមូលព័ត៌មានផ្ទាល់ខ្លួនលោកស្រី ។

លោកស្រី Leila De Lima បានបញ្ជូនពាក្យបណ្តឹងមានកម្រាស់២៦ទំព័រ ប្តឹងលោក ឌូទឺរទេ ដែលបានចោទប្រកាន់លោកស្រីថា ជាអ្នកនៅពីក្រោយការជួញដូរគ្រឿងញៀន នៅតំបន់ New Bilibid ដែលជាមន្ទីរឃុំឃាំងធំបំផុតនៅទីក្រុងម៉ានីល ។ នៅក្នុងសន្និសីទកាសែត លោកស្រី Leila De Lima បញ្ជាក់ថា ទាំងនោះជាគំនុំផ្ទាល់ខ្លួនសំដៅទៅលើលោកស្រី ក្រោយមានការស្រាវជ្រាវពីលោកឌូទឺរទេ ថា លោកស្រីជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ។

លោកស្រីបានចោទប្រកាន់លោកឌូទឺរទេ សម្លាប់មនុស្សមិនឆ្លងកាត់ការកាត់ទោស ។ លោកស្រី Leila De Lima បញ្ជាក់ទៀតថា លោកស្រីដាក់ពាក្យប្តឹងបុគ្គល ឌូទឺរទេ មិនមែន ជាប្រធានាធិបតីប្រទេសនេះឡើយ ។

លោកស្រី Leila De Lima ជាប្រធានគណៈកម្មធិការទទួលបន្ទុកសិទ្ធិមនុស្សនៅហ្វីលីពីន ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសនេះ ។

កន្លងមកលោកស្រីLeila De Lima ធ្លាប់បានអំពាវនាវដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បើកការស្រាវជ្រាវទៅលើប្រធានាធានាធិបតី ឌូទឺរទេ ទៅលើ បទល្មើសដែលលោកបានសម្លាប់មនុស្សជាច្រើន នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងរយៈពេលខ្លី ។

កន្លងមក សហគមន៍អន្តរជាតិ ពិសេសគឺអង្គការសិទ្ធិមនុស្ស ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រធានាធិបតីហ្វីលីពីន ដែលបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការផងដែរ ។ សកម្មភាពទាំងនោះអាចធ្វើឲ្យអ្នកនយោបាយប្រឆាំងនឹងលោកឌូទឺរទេ ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចរងការបាញ់សម្លាប់ ហើយទម្លាក់កំហុសទៅលើគ្រឿងញៀនដូចជា អភិបាលក្រុងមួយរូប រងការបាញ់សម្លាប់នាពេលកន្លងមកអីចឹងដែរ ។

សកម្មភាពកម្ចាត់ក្រុមជួញដូរគ្រឿងញៀន ត្រូវក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសហ្វីលីពីនចាត់ទុកថា បានធ្វើឲ្យអ្នកវិនិយោគអ្នកជំនួញបរទេស ខ្លាចមិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែលោកឌូ ទឺរទេ បានឆ្លើយតប់វិញថា ប្រសិនបើខ្លាច សូមអ្នកវិនិយោគវេចបង្វិចចាក់ចេញទៅចុះ ។ កាលពីចុងខែតុលា លោក ឌូ ទឺរទេ បានប្រកាសថា បណ្តាក្រុមហ៊ុនបរទេស អាចរើអីវ៉ាន់ចាក់ចេញពីហ្វីលីពីនបាន ប្រសិនបើភ័យខ្លាចរឿងបោសសម្អាតគ្រឿងញៀន ។

កន្លងមក ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Russel បានទៅកាន់ទីក្រុងម៉ានីល ដោយលោកបង្ហាញពីក្តីបារម្ភចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូ ទឺរទេ ដែលបានសម្លាប់មនុស្សជិត៤០០០នាក់ ក្នុងរយៈពេល៤ខែ ។ សកម្មភាពបែបនោះ នឹងធ្វើឲ្យក្រុមវិនិយោគទុននៅក្នុងប្រទេសនេះ រងផលប៉ះពាល់យ៉ាងខ្លាំង ។

សារព័ត៌មាន AFP បានដកស្រង់សម្តី លោក ឌូ ទឺរទេ បានបញ្ជាក់ថា «ជនជាតិអាមេរិកពិតជាឆ្កួតហើយ»។ ក្រោយ ពេលមន្ត្រីអាមេរិកបានលើកឡើងពីវិភាគរបស់លោក ឌូ ទឺរទេ បង្កើនក្តីបារម្ភដល់បណ្តាលក្រុមហ៊ុនបរទេសនៅទីនេះ។ ដូច្នេះប្រសិនបើភ័យខ្លាចសូមវេចបង្វេច ចាកចេញទៅ។

លោក ឌូ ទឺរទេ បញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មទី១របស់ហ្វីលីពីន ដូច្នេះ ហ្វ៊ីលីពីនត្រូវការបង្កើតទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀត ។ លោកបន្តទៀតថា ហ្វ៊ីលីពីននឹងបើកទ្វារចំហជានិច្ចសម្រាប់ក្រុមហ៊ុនជប៉ុន ។

កន្លងមក លោក ឌុយទែរតេ បានប្រកាសធ្វើឲ្យមានការមន្ទិលសង្ស័យទៅលើទំនាក់ទំនងរវាងអាមេរិក នឹងហ្វ៊ីលីពីន ដែលមានរយៈពេលជាង៧០ឆ្នាំកន្លងមកត្រូវបែកបាក់ ។

ប្រធានាធិបតីហ្វ៊ីលីពីនធ្លាប់បានលើកឡើងថា បើអាមេរិកនៅតែចាត់ទុកហ្វ៊ីលីពីន ដូចជាឆ្កែជាប់ច្រវាក់នោះ ទំនាក់ទំនងយោធាជាមួយហ្វ៊ីលីពីន ក៏នឹងត្រូវកាត់ផ្តាច់ ប្រសិនបើលោកនៅតែកាន់អំណាចនោះ ។

បច្ចុប្បន្នទំនាក់ទំនងផ្នែកយោធារវាងអាមេរិក នឹងហ្វ៊ីលីពីននៅដដែល លើកលេងតែទំនាក់ទំនងសេដ្ឋកិច្ចប៉ុណ្ណោះ ។ មេដឹកនាំហ្វ៊ីលីពីន បានដឹងយ៉ាងច្បាស់ថា មិនអាចពឹងផ្អែកអ្នកនៅឆ្ងាយ ជួយដល់សេដ្ឋកិច្ចរបស់ខ្លួនឲ្យទាន់ពេលវេលាដូចអ្នកនៅជិតនោះឡើយ ។

ចាប់តាំងពីលោក ឌូ ទឺរទេ ឡើងកាន់ តំណែង ទំនាក់ទំនងរវាងហ្វ៊ីលីពីន នឹងអាមេរិកមិនដូចជាពេលមុនទៀតទេ ហើយគោលនយោបាយការបរទេសរបស់លោក មានការផ្លាស់ប្តូរទាំងស្រុង ដោយលោកសុខចិត្តបោះបង់សម្ពន្ធមិត្តនៅឆ្ងាយ ចាប់យកដៃគូជិតងាយស្រួលជួយដល់សេដ្ឋកិច្ចប្រទេសនេះ។ លោក ឌូ ទឺរទេ បានបញ្ជាក់ថា ចេកក្រអូបរបស់ហ្វ៊ីលីពីនបើនាំដល់អាមេរិកប្រាកដជា ស្អុយរលួយជាមិនខាន ដូច្នេះមានតែទីផ្សារប្រទេសចិនប៉ុណ្ណោះ ទើបទាន់ពេលវេលា។ ទាំងនោះ ជាអ្វីដែលលោក ឌូ ទឺរទេ ចង់ បានក្នុងពេលដែលលោកកាន់អំណាច។

អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃណីរបស់ហ្វ៊ីលីពីនកាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិកនឹងហ្វ៊ីលីពីនមានភាពល្អប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វ៊ីលីពីនដើម្បីគ្រប់គ្រងចិន។ ផ្ទុយទៅវិញ លោកឌូ ទឺរទេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិក ងាកទៅរកចិនវិញ។ ប្រធានាធិបតិហ្វ៊ីលីពីនសង្ឃឹមថា ចិននឹងមិនដើរឆ្ងាយជាងនេះ នៅក្នុងការឈ្លានពានហ្វ៊ីលីពីនទុក ឲ្យហ្វ៊ីលីពីនមានឱកាសបានរស់នឹងគេ៕ ម៉ែវ សាធី
chan-dung-nu-thuong-nghi-si-lam-khiep-so-tong-thong-philippines-duterte_22820994

duterte


ចែករំលែក៖