ខេត្តបាត់ដំបង៖ នគរបាលក្រុមបង្ការបង្រ្កាបដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្ររហ្មទណ្ឌ បានចេញប្រតិបត្តិការចាប់ឃាត់ខ្លួនក្មេងទំនើង១៧នាក់ ដើរអុកឡុកនៅពេលយប់អធ្រាត្រ ប៉ះពាល់សន្តិសសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យពលរដ្ឋមានការភ័យខ្លាច ។
កម្លាំងនគរបាលឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ខណៈដែលពួកគេបានមកណាត់ជួបជុំ បម្រុងវាយកាប់ចាក់គ្នា នៅចំណុចសួនច្បារមួយកន្លែង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
ក្រុមក្មេងទំនើងខាងលើត្រូវគេសង្កេតឃើញថា មានស្ថានភាព ស្រវឹងស្រា ពោពេញដោយភាពសាហាវ ដែលគេសង្ស័យពួកគេអាចជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀផងដែរ ទន្ទឹមនោះ សមត្ថកិច្ចក៏បានដកហូតបានដាវសាំម៉ូរ៉ូរ៉ៃ១ដើម ផងនោះទៀត ។ ក្រុមក្មេងទំនើងបន្ទាប់មកត្រូវបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីយកមកសាកសួរអនុវត្តតាមកិច្ចការងារជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។
សូមបញ្ជាក់ថា នៅក្រុងបាត់ដំបង ជាពិសេសក្រុមក្មេងទំនើង គេមើលឃើញថា កន្លងមកធ្លាប់ធ្វើសកម្មភាពបង្កភាពរញ៉េរញ៉ៃ និងវាយកាប់ចាក់គ្នា បង្កឱ្យមានអ្នករងរបួសជាបន្តបន្ទាប់ទៀតផង ។ សកម្មភាពរបស់ក្រុមក្មេងទំនើងគេមើលឃើញថា ហាក់បីកំរើកឡើងវិញនៅខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលក្រោមបង្គាប់ ជាពិសេសកម្លាំងក្រុមបង្ការ បង្រ្កាប និងកម្លាំងអន្តរាគមន៍ពិសេស ត្រូវចេញល្បាត និងទប់ស្កាត់ រាល់សកម្មភាពក្រុមក្មេងទំនើងដើរអុកឡុកនៅពេលយប់ឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ភាព កក់ក្តៅជូនដល់ពលរដ្ឋ ។ កន្លងមកក្រុមក្មេងទំនើងដើរអុកឡុកនៅពេលយប់ជាច្រើននាក់ ក៏ត្រូវបានកម្លាំងនគរបាលបង្ការបង្រ្កាបបានធ្វើទប់ស្កាត់និងឃាត់ខ្លួនបានជាបន្តបន្ទាប់ផងនោះដែរ ។
ក្រុមក្មេងទំនើងទាំង១៧នាក់ខាងលើ ត្រូវគេរាយការណ៍ឱ្យដឹងថា ពួកគេមិនទាន់មានសកម្មភាបបង្ករបួសស្នាមដល់អ្នកដទៃ លោកឧត្តមសេនីយ៍ ស ថេតស្នងការនគរបាលខេត្តបាត់ដំបង ក៏បានឱ្យធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យា ដោយកោះហៅអាណាព្យាបាលមកទទួល ដើម្បីយកទៅអប់រំបន្ត ហើយ ដោះលែងពួកគេត្រឡប់ទៅផ្ទះវិញ ៕សំ វិច្ឆិកា