ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យចាប់បញ្ជូនស្ត្រីម្ចាស់សិប្បកម្មទឹកកក និងជាងជួសជុលទុយយោទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាម្ចាស់សិប្បកម្មផលិតទឹកកក និងបុរសម្នាក់ជាជាងជុសជុលទុយយោឧស័្មនអាម៉ូញាក់ ត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យនៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទបង្កឲ្យមានរបួសដោយចេតនាក្នុងករណីឆ្វេស ប្រហែសបណ្តាលឲ្យផ្ទុះធ្លាយបំពង់ឧស្ម័នអាម៉ូញាក់ប៉ះពាល់ដល់សុខភាពពលរដ្ឋ ។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យ ដឹងកាលពីម្សិលមិញថា ស្ត្រីម្ចាស់សិប្បកម្មផលិតទឹកកក និងបុរសម្នាក់ជាជាងជុសជុលទុយោបំពង់ឧស័្មនត្រូវបានថ្នាក់លើបញ្ជាឲ្យចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុផ្ទុះធ្លាយបំ ពង់ទុយយោឧស័្មនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ហើយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ស្ទើរទ្រាំមិនបានដល់សុខភាពប្រជាពលរដ្ឋដោយចេតនា សិស្សសាលាផងដែរ ។

លោកអធិការរងដដែលបន្តថា ស្ត្រីម្ចាស់សិប្បកម្មរូបនេះមានឈ្មោះ អ៊ុក ណាវី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរក្រោម ស្នាក់នៅផ្ទះកើតហេតុ គ្មានលេខ ផ្លូវ៣៧១ ក្រុមទី៥ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ និងបុរសជាជាងជួសជុលមានឈ្មោះ ឃីម លីប អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមេជាងតម្លើងម៉ាស៊ីនទឹកកក ស្នាក់នៅផ្ទះកើតហេតុ ហើយជនសង្ស័យទាំងពីរនាក់ខាងលើនេះត្រូវឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង។

លោកអធិការរងបន្តឲ្យដឹងទៀតថា មន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៤នាក់បានរងរបួស ខណៈដែលកំពុងចុះអន្តរាគមន៍មាន ឈ្មោះ១ អៀម ចាន់ភ័ក្ត្រ អាយុ៣៥ឆ្នាំ ២ អេម ស៊ីណុប អាយុ២៨ឆ្នាំ ៣ ឈ្មោះ តុលា អាយុ២៨ឆ្នាំ និង៤ ឈ្មោះ រឿន ខេមរៈ អាយុ២៨ឆ្នាំ ។ ដោយឡែកក្នុងនោះកម្មករ៣ នាក់ផ្សេងទៀតមានឈ្មោះ ដាញ់ លៀម ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិវៀតណាម ឈ្មោះ ថាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ប៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករស្នាក់នៅផ្ទះសិប្បកម្មខាងលើ ។

ជាមួយគ្នានេះផងដែរ លោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យក៏បានបញ្ជាក់ឲ្យដឹងដែរថា ម្ចាស់ទីតាំងសិប្បកម្មផលិតទឹកកកខាងលើត្រូវសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូង ការចោទប្រកាន់ពីបទអ្វីនោះ លោកពុំបានដឹងទេ វាជារឿងរបស់តុលាការ។
ដោយឡែកពាក់ព័ន្ធទីតាំងមួយនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ តែពេលនេះ អាជ្ញាធរខណ្ឌកំពុងធ្វើរបាយការណ៍ជូនទៅមន្ទីរឧស្សាហកម្ម ហើយនឹងមិនបន្តច្បាប់អាជីវកម្មទៀតទេ គឺយើងបិទទាំងស្រុងតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីធ្លាយបំពង់ឧស្ម័នអាម៉ូញាក់នៅសិប្បកម្មផលិតទឹកកក ដែលមានទីតាំងស្ថិតនៅផ្លូវ៣៧១ ក្រុម៥ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ៕ តាឡឹម

as as-1


ចែករំលែក៖