ព័ត៌មានទាន់ហេតុការណ៍៖

ករណីប្លន់បណ្ណាគារស៊ីន ហួរ នៅចោមចៅ នគរបាលចាប់បាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ កម្លាំងជំនាញ់នគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការខណ្ឌ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរឃាត់ខ្លួនជនជាតិចិន២នាក់ ជាបក្ខពួកជនដៃដល់ដែលបាញ់សម្លាប់ទាហ៊ានម្នាក់ ក្រោយពីជនសង្ស័យប្លន់នៅក្នុងបណ្ណាគារស៊ីន ហួ កាលពីវេលា ម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះយ៉េន រីណង់ អាយុ២៣ឆ្នាំ ជាមន្រ្តីយោធានៅកងពលតូចង៧០ មានទីលំនៅក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសឈ្មោះយី សុខហេង អាយុ២៦ឆ្នាំ ជាយោធានៅអង្គភាពជាមួយគ្នានោះដែរ ។

សមត្ថកិច្ចបានបន្តថា កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ជនសង្ស័យ មានគ្នា២នាក់បានចូលទៅធ្វើសកម្មភាព ភ្ជង់ប្លន់យក កាបូបលុយពីជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា នៅក្នុងបណ្ណាគារ ស៊ីន ហួរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះប្លន់បានជនសង្ស័យក៏បានរត់គេចខ្លួន ហើយត្រូវបាន ជនរងគ្រោះនិងប្រជាពលរដ្ឋដែលជាអ្នកជិតខាង នាំគ្នាដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ ផ្អើល ហើយមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវនោះ នាំគ្នាអឺតមើលហើយត្រូវបានជន សង្ស័យបាញ់ប្រហារ១គ្រាប់ ប៉ុន្តែមិនបានបណ្ដាលឲ្យត្រូវនរណាម្នាក់នោះឡើយ ។

បន្ទាប់មកបានរត់បន្តទៀត រហូតដល់ត្រង់ចំណុចផ្ទះវីឡាមួយកន្លែង ជនរងគ្រោះដែលជាមន្រ្តីយោធា ទាំងពីរនាក់នោះបានអឺតមើល ព្រោះឮសម្រែកថាចោរៗ ខណៈនោះក៏ត្រូវបានជនសង្ស័យ បាញ់២គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដល់ពាល់កណ្ដាលផ្លូវ ចំណែកម្នាក់ទៀតរបួសស្រាល រួចហើយជនសង្ស័យខាងលើ បានរត់គេចខ្លួនចូលទៅក្នុងព្រៃដីឡូត៌មួយកន្លែង ក្បែរនោះហើយត្រូវបានកម្លាំងនគរបាល ចំរុះខណ្ឌពោធិ៍សែនជ័យនិងរាជធានី ធ្វើការឡោមព័ទ្ធនិងរុករក ប៉ុន្តែរហូតរយះពេលអស់មួយថ្ងៃមួយយប់ទៀតនៅតែ មិនចាប់បាន។ រហូតមកដល់ថ្ងៃទី៧ ខែដដែល នៅវេលាម៉ោង១២និង១៥នាទី កម្លាំងនគរបាលបានរំសាយដោយមិនបានជាលទ្ធផលអ្វីឡើយ ។

សមត្ថកិច្ចបានបន្តទៀតថា ដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងជំនាញ់បើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេលត្រឹមតែ៣ថ្ងៃ ក៏កំណត់មុខសញ្ញាឈានទៅដល់ការចុះឆែកឆេរផ្ទះជនសង្ស័យនៅចំណុចបុរីអាកាសចរណ៍ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រកឃើញស្រោមកាំភ្លើងមួយ និងឃាត់ខ្លួនជនសង្ស័យ២នាក់ យកទៅសាកសួរ ។ ដោយឡែកជនដៃដល់បានគេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ៕ សុខាសែនជ័យ

image4 image1 image2 image3


ចែករំលែក៖