ខេត្តក្រចេះ៖ នគរបាលក្រុងក្រចេះ បាននិយាយថា រថយន្តសាំយ៉ុង១គ្រឿង មានដឹកទ្វារ,បង្អួចជាច្រើនវង់ បើកបរក្នុងល្បឿនលឿន បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ បង្កឱ្យម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ឋរបួសធ្ងន់ និងសម្ភារៈមួយចំនួនត្រូវខូចខាត ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។
ជាមួយនិងករណីរថយន្តសាំយ៉ុងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2P.4880 មានដឹកទ្វារ,បង្អួចជាច្រើនវង់ បុកចូលផ្ទះពលរដ្ឋនេះ នគរបាលក្រុងក្រចេះ បានដាក់ការសង្ស័យថា រថយន្ត១គ្រឿងនេះអាចបើករត់គេចពីការតាមប្រមាញ ស្ទាក់កាក់យកលុយពីក្រុមដាក់កុងត្រូលជជុះតាមដងផ្លូវ ហើយរថយន្តនេះបើកបរក្នុងល្បឿនលឿន លុះដល់ចំនុចផ្លូវកោងក៍រេចង្កូតបុកចូលផ្ទះពលរដ្ឋតែម្តង ។
អធិការរងក្រុងក្រចេះ ទទួលបន្ទុកសណ្តាប់ធ្នាប់និងចរាចរណ៍ លោក ចក់ ផល្លី បានឱ្យដឹងថា ក្នុងហេតុការនេះគឺបានបណ្តាលឱ្យបុរសពីរនាក់ប្តីប្រពន្ឋជាម្ចាស់ផ្តះរងរបួសធ្ងន់ដោយបុរជាប្តីឈ្មោះព្រុំ ស៊ីថា អាយុ៤២ឆ្នាំនិងស្ត្រីជាប្រពន្ឋឈ្មោះទូច ស៊ីណាត អាយុ៣៨ឆ្នាំ ត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្របង្អែកខេត្ត។
លោកអធិការរងបានបញ្ជាក់ រថយន្តបង្កត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្ត យកទៅរក្សាទុកនៅស្នងការដ្ឋាន ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ និងក្រោងពាក្យបណ្តឹងដលម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្តបង្កចូលមកទទួលខុសត្រូវ ។
យ៉ាងណាក៏ដោយ ការប្រដេញស្ទាក់រថយន្តសាំយ៉ុងដឹកឈើ យកលុយពីសំណាក់ម្តុំកុងត្រូលជជុះ នៅតាមដងផ្លូវ ដែលតែងតែបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋនេះ ត្រូវបានពលរដ្ឋអះអាងថា គឺមិនមែនទើបតែកើតមាននោះទេ គឺបានកើតឡើងជាច្រើនលើកច្រើនសាររួចមកហើយ ចំណែកអាជ្ញាធរខេត្ត នៅមិនទាន់មានចំណាក់ការនៅឡើយទេ ។ កន្លងទៅនៅក្នុងវេទិការថ្នាក់ជាតិ ពលរដ្ឋក៏បានស្នើរឱ្យអាជ្ញាធរ ត្រូវចុះត្រួតពិនិត្យឬបង្ក្រាប ការដាក់តាំងប៉ុស្តិ៍អនាធិប្បតេយ្យរឺកុងត្រូលជជុះ ដែលតែងតែចាំស្ទាក់យកលុយពីពលរដ្ឋ ដែលដឹកផលអនុផលព្រៃឈើតិចតួច ។
ប្រជាពលរដ្ឋជាបាននិយាយថាប៉ុស្តិ៍អនាធិប្បតេយ្យរឺកុងត្រូលជជុះ គឺបានដាក់ក្បាលឡានរាប់សិបគ្រឿងនៅលើដងផ្លូវជាតិលេខ៧ ចាប់ពីចំណុចស្រែស្បូវ ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ រហូតដល់ក្រុងក្រចេះបានបង្កភាពអនាធិប្បតេយ្យពាសពេញផ្លូវ និងបង្កភាពអសន្តិសុខដល់ពលរដ្ឋតាមមូលដ្ឋាន ខណៈដែលក្រុមដាក់កុងត្រូវជជុះទាំងនេះ បើករថយន្តប្រសេកប្រសាច ប្រដេញពីក្រោយឡានដឹកឈើពាសពេញផ្លូវម្តងៗ ហើយការដាក់តាំងកុងត្រូលជជុះទាំងយប់ថ្ងៃនេះនៅតាមដងផ្លូវនេះ គឺមានសមសភាពសុទ្ឋសឹងជាសមត្ថកិច្ច អង្កាការពារបរិស្ថានក្រៅរដ្ឋាភិបាល រួមនិងអ្នកកាន់កាតកាសែតផងដែរ ៕ កោះទ្រុង