ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យលោកនាយរងនគរបាលប៉ុស្តិ៍ម្នាក់ និងមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈកំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួនហើយម៉ូតូអូសជាប់ក្រោមរថយន្ត ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៨ វិច្ឆិកា ស្ថិតតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៦១ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ធនៈ TOTAL ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
សាក្សីដែលឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុគេឃើញលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ និងមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ម្នាក់ទៀត នាំគ្នាជិះម៉ូតូម៉ាកស៊ុតហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 15238ល្បាតក្នុងមូលដ្ឋានដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខណៈកំពុងជិះឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-8370 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយពេលមកដល់ផ្លូវបែកជាបួនរថយន្តនេះមិនបានបន្ថយល្បឿននោះទេ ជាហេតុធ្វើឲ្យជ្រុលចង្កូតទៅបុកម៉ូតូមន្រី្តនគរបាលទាំងពីរនាក់ បណ្តាលឲ្យដួលម៉ូតូគៀបជាប់នៅក្រោមរថយន្តទៅមុខលែងរួច ។ ចំណែកលោកនាយរងនគរបាលប៉ុស្តិ៍វិញបានបាក់ជើងស្តាំ និងមន្ត្រីនគរបាលដែលអង្គុយពីក្រោយរងរបួសធ្ងន់ដូចគ្នា បែកក្បាលនិងបែកមុខបែកមាត់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។ ដោយឡែកអ្នកបើករថយន្ត ហាយឡេនឌ័រ ត្រូវបានឃាត់ខ្លួន ហើយបានប្រាប់សមត្ថកិច្ចថាគាត់ដឹកបងស្រីគាត់ត្រឡប់ទៅផ្ទះនៅម្តុំផ្សារដេប៉ូហើយក៏មិនមានផឹកគ្រឿងស្រវឹងដែរ ។ ពេលបើកមកដល់កន្លែងកើតហេតុ គាត់ឃើញមានភ្លើងស្តុបខាង គាត់ពណ៌ខៀវ ហើយភ្លើងរបស់ខាងគេ ពណ៌ក្រហម ទើបគាត់បើកលឿនដើម្បីឆ្លងឲ្យផុត តែមិនដឹងរឿងអី ក៏ជ្រុលបុកមន្រី្តនគរបាលទាំងពីរនាក់តែម្តង ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិក ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចវាស់វែងយកទៅដោះស្រាយគ្នា នៅអធិការដ្ឋានខណ្ឌទួលគោកដោយអ្នកបើកបររថយន្តបានសន្យាព្យាបាលរបួសជនរងគ្រោះទាំងពីរនាក់ឲ្យជាសះស្បើយ ៕ ប្រាថ្នា