ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ដណ្តើមកន្លែងលក់ដូរឈានដល់ការវាយតប់គ្នារបួសបែកភ្នែក សមត្ថកិច្ចហៅយកមកសាងសួរ

ចែករំលែក៖

ភ្នំពេញ ៖ អាជីវករ២បក្ខ ម្ខាងលក់សាច់មាន់ ម្ខាងលក់ផ្លែឈើ បានឈ្លោះប្រកែកគ្នា ព្រោះតែរឿងទីតាំងលក់ដូរ ទើបឈានទៅដល់ការវាយតប់គ្នា ម្ខាងប៉ោងភ្នែកស្តាំ រត់ទៅប្តឹងបូ៉លិស រីឯម្ខាងទៀតឈ្នះដណ្តើមបានកន្លែងលក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ ផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ប៉ោងភ្នែករត់ទៅប្តឹងបូ៉លិស មានឈ្មោះ ស សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់សាច់មាន់ មានប្រពន្ធឈ្មោះ ជួប សំណាង អាយុ៣១ឆ្នាំ មុខរបរលក់សាច់មាន់ជាមួយគ្នា ស្នាក់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្តុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណតភូមិព្រែកពោធិ៍ ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ ចំណែកភាគីខាងអ្នកលក់ផ្លែឈើវិញ គ្រាន់តែស្គាល់ឈ្មោះ ហ៊ា ភេទប្រុស អាយុជាង៣០ឆ្នាំ ។

តាមភាគីជនរងគ្រោះ លក់សាច់មានបានឲ្យដឹងថា រាល់ថ្ងៃ មុខរបរខ្លួន លក់សាច់មាន់ ដោយដាក់រុឺម៉កលក់ចិញ្ចើមផ្លូវ មុខផ្សារព្រៃទា រីឯអ្នកផ្លែឈើ ក៏ដាក់រុឺម៉កលក់ជាប់គ្នា ដោយសារកើតជម្លោះដណ្តើមកន្លែង ដាក់លក់ ភាគីខាងផ្លែឈើចោទគាត់ថាដាក់រុឺម៉កបាំង ទើបកើតជម្លោះ រុញគ្នាទៅវិញទៅមក ទីបំផុត អ្នកលក់ផ្លែឈើលើកគ្នាមកវាយ បណ្តាលឲ្យរងរបួសប៉ោងជាំភ្នែកស្តាំ រុញរទេះសាច់មាន់ចេញ ដាក់រទេះផ្លែឈើ ។

ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកចាញ់ ខាងលក់សាច់មាន់ រត់ទៅប្តឹងបូ៉លិសបុ៉ស្តិ៍ចោមចៅ រីឯភាគីខាងអ្នកលក់ផ្លែឈើ យកកន្លែងលក់ធ្វើមិនដឹង ។ រហូតមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ខែឆ្នាំដដែល ទើបកម្លាំងនគរបាលកោះហៅជនដៃដល់មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីសម្របសម្រួលគ្នា ។

ក្រោយពីមានការសម្របសម្រួលពីសមត្ថកិច្ច ភាគីខាងជនដៃដល់ក៏បានចេញថ្លៃព្យាបាលទៅលើជនរងគ្រោះចំនួន៣៥មឺុនរៀលដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ

 

image3 image2 image1


ចែករំលែក៖