ខេត្តកណ្តាលៈ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត យុវតីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថម៉ូតូបើកស្របទិសគ្នា នៅលើកំណាត់ផ្លូវបេតុងក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះរហូតស្លាប់បាត់បង់ជីវិតនោះឈ្មោះ ឈុំ ផា ភេទស្រី អាយុ៣៧ឆ្នាំ (ជាអ្នករួមដំណើរ) រីឯយុវតីរងរបួសធ្ងន់នោះឈ្មោះ ឃ្លៀច ស្រីនី ភេទស្រី អាយុ១៦ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ-9249 ។
ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7122 បើកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ក្រោយពីបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់បាត់បានរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវបេតុងក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេស7NG ទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនឡើងជែងរថយន្តនៅខាងមុខដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុកគូថម៉ូតូជនរងគ្រោះពេញមួយទំហឹង ធ្វើឲ្យម៉ូតូដួលបោកទៅលើផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក បានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។ ចំណែកឯយុវតីដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ