ប្រធានាធិបតីហ្វីលីពីន លោក Duterte បានប្រកាសឲ្យដឹងថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់អាមេរិក និងមានការកែប្រែទំនាក់ទំនង ប្រទេសទាំងពីរ ហ្វីលីពីន និងអាមេរិក ដែលប្រឈមមុខតានតឹងកន្លងមក ឲ្យប្រសើរឡើងវិញ ដើម្បីផលប្រយោជន៍ទាំងសងខាង ។
ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ប្រធានាធិបតីហ្វីលីពីន បានជូនពរលោកដូណាល់ ត្រាំ ភ្លាមៗ ប៉ុន្តែចំណុចដែលចាប់អារម្មណ៍នោះ គឺលោកឌូទឺរទេ បង្ហាញក្តីសង្ឃឹមថា តភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលលោក ឌូទឺរទេ បានប្រកាសកាត់ផ្តាច់ដោយខ្លួនឯង ។
ការកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ក៏ជាលោក ហើយពេលនេះ អំពាវនាវឲ្យតភ្ជាប់វិញ ក៏ជាលោកឌូទឺរទែដូចគ្នា ។
នេះជារឿងមួយដ៏ចម្លែកបំផុតដោយពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនបានប្រកាសកាត់ផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ច យោធាជាមួយអាមេរិក ដោយងាក់ទៅរកចិន និងរុស្ស៊ីវិញ ។ ប៉ុន្តែក្រោយពេលគណបក្សសាធារណរដ្ឋជាប់ឆ្នោត លោកឌូទឺរទេ បានងាក់ទៅអាមេរិកជាថ្មីឡើងវិញ ។
ការត្រូវរ៉ូវគ្នារបស់លោក ឌូទឺរទេ និងលោកដូណាល់ ត្រាំ មិនមែនជារឿងចំឡែកឡើយ ដោយបុគ្គលទាំងពីរមានចំណុចដូចគ្នាជាច្រើន ពិសេសគឺប្រព័ន្ធផ្សព្វផ្សាយនានានៅជុំវិញពិភពលោក បានវាយប្រហារឥតឈប់ឈរ ប៉ុន្តែបែរជាទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋនៅក្នុងប្រទេស ។
ជាក់ស្តែងលោកឌូទឺរទេ រងការរិះគន់ពីខាងក្រៅយ៉ាងខ្លាំង តែពលរដ្ឋនៅក្នុងប្រទេសបានគាំទ្រកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកដូណាល់ ត្រាំ ក៏ដូចគ្នាដែរ ប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយ អ្នកឯកទេសសេដ្ឋកិច្ច រិះគន់មិនគាំទ្រ តែពលរដ្ឋអាមេរិកគាំទ្រយ៉ាងច្រើនលើសលប់ស្មានមិនដល់ តាមរយៈលទ្ធផលបោះឆ្នោតកន្លងមក ៕ ម៉ែវ សាធី