ព័ត៌មានទាន់ហេតុការណ៍៖

យុវជនឈាមរាវមួយក្រុមជិះម៉ូតូប្រដាប់ដោយអាវុធបម្រុងទៅសងសឹកគូរទំនាស់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនតាមដងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនឈាមរាវមួយក្រុមជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយអាវុធការពារខ្លួន ក្នុងគោលបំណងទៅតាមសងសឹកគូរទំនាស់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវមិនទាន់ដល់គោលដៅផងនោះ ក៏ត្រូវសមត្ថកិច្ចនគរបាលនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលព្រេច សហការជាមួយអាជ្ញាធរ និងប្រជាការពារភូមិ ពួនស្ទាក់ចាប់ខ្លួន រួមជាមួយវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ ។

សហប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវបេតុ ស្ថិតក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ដកហូតវត្ថុតាងរួមមាន៖ ដាវសាំម៉ូរ៉ៃ០១ដើម ,ដុំថ្ម០៥ដុំ ,ខ្សែក្រវ៉ាត់០២ខ្សែ និងម៉ូតូ០៣គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1CY-6955 ,ម៉ូតូម៉ាកស៊ុយហ្ស៊ូគី និច ពណ៌ទឹកក្រូចបិតស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CR-5783 ,ម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅបិតស្កុតពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FX-3594 ។

អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ទោ មាន សំណាង បានឲ្យដឹងថា ក្រុមក្មេងទំនើង៧នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១ឈ្មោះ ប៉ាង មុន្ទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទី២-ឈ្មោះ សុង សាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទី៣-ឈ្មោះ លី សុខជា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មាន់ ។ ទាំង៣នាក់នេះមានទីលំនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៤-ឈ្មោះ ចំរើន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃពង្ររ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី៥-ឈ្មោះ គីម សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មាន់ ៦-ឈ្មោះ ហឿន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មាន់ ៧-ឈ្មោះ ចែម ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មាន់ ។ ទាំង៣នាក់នេះមានទីលំនៅភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

លោកវរសនីយ៍ទោ មាន សំណាង បន្តថា នៅមុនពេលកើតហេតុ លោកបានទទួលព័ត៌មានតាមទូរស័ព្ទពីលោកប្រធានភូមិបាសិទ្ធថា មានក្រុមក្មេងទំនើងមួយក្រុម មានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿង ខ្លះកាន់ដាវសាំម៉ូរ៉ៃ ខ្លះកាន់ដុំថ្ម និងខ្លះទៀតកាន់ខ្សែក្រវ៉ាត់ក្រវី ស្រែកហោកញ្ជ្រាវតាមដងផ្លូវបង្កភាពអនាធិបតេយ្យ ។ ភ្លាមៗនោះលោកបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលព្រេច សហការជាមួយអាជ្ញាធរ ,ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ពួនស្ទាក់ចាប់ក្រុមក្មេងទំនើងទាំងនោះ រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៧នាក់សារភាពថា មូលហេតុដែលពួកគេនាំគ្នាកាន់ដាវ ,ដុំថ្ម និងខ្សែក្រវ៉ាត់ ជិះម៉ូតូតាមដងផ្លូវ ក៏ព្រោះតែពួកគេចង់ទៅសងសឹកជាមួយក្រុមក្មេងមួយក្រុមទៀត នៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ដែលបានរករឿងឈ្លោះជាមួយពួកគេមុនពេលចាប់ខ្លួន១ថ្ងៃ ខណៈទៅមិនទាន់ដល់គោលដៅផងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ ចំពោះក្មេងទំនើងទាំង៧នាក់នេះ លោកអធិការនគរបាលស្រុកអង្គស្នួលបានបញ្ជាក់ថា សមត្ថកិច្ចនឹងធ្វើការអប់រំរយៈពេល២៤ម៉ោង ទើបតម្រូវឲ្យអណាព្យាបាលមកធ្វើលិខិតធានាទទួលយកទៅអប់រំបន្តនៅលំនៅឋានវិញ៕ ស្អាងជ័យ

as-3 as as-1 as-2


ចែករំលែក៖