ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី អូបាម៉ា អំពាវនាវឲ្យពលរដ្ឋគាំទ្រលោកត្រាំ ដឹកនាំប្រទេសជាតិ

ចែករំលែក៖

នៅថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវ ដល់បណ្តាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យបោះបង់ការខកចិត្ត ក្រោយលោកដូណាល់ ត្រាំងទទួលជ័យជំនះ ក្នុងការបោះឆ្នោត ហើយផ្ទេអំណាចដោយសន្តិវិធី ។

លោកអូបាម៉ា បញ្ជាក់នៅសេតវិមានថា «ពេលនេះ យើងទាំងអស់គ្នា ត្រូវតែគាំទ្រដល់ការជោគជ័យរបស់លោកត្រាំ និងសមគ្គីគ្នាដឹកនាំប្រទេសជាតិ។ យើងសង្ឃឹមថា ការផ្ទេរអំណាចប្រព្រឹតទៅដោយសន្តិវិធី ដោយសារតែយើងរស់នៅក្នុងដំបូលផ្ទះតែមួយ ជាជនជាតិអាមេរិកតែមួយ និងជាអ្នកស្នេហាជាតិ ដូច្នេះ យើងត្រូវការរឿងរ៉ាវល្អៗសម្រាប់ប្រទេសជាតិ» ។

ផ្ទាល់ខ្លួនប្រធានាធិបតីអូបាម៉ា ក៏បានលើកឡើងផងដែរថា លោកនឹងខិតខំ ដើម្បីធានាឲ្យប្រធានាធិបតីថ្មីទទួលបានជោគជ័យនៅក្នុងតំណែងរបស់ខ្លួន ។ លោកអូបាម៉ា ក៏បានអំពាវនាវឲ្យពលរដ្ឋបញ្ចប់ការមន្ទិលសង្ស័យ ហើយសមគ្គីគ្នា ។

អំពីបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យវិញ លោកអូបាម៉ា បានលើកឡើងថា គាត់ពិតជាមានមោទនភាពយ៉ាងខ្លាំង ដល់ការលះបង់របស់លោកស្រី ដោយសរសើរថា អ្នកនយោបាយអាយុ៦៩ឆ្នាំរូបនេះ បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសយ៉ាងល្អបំផុត គ្មានអ្នកណាធ្វើឲ្យប្រសើរជាងលោកស្រី។

លោកស្រីគ្លីនតុន បានប្រកាសក្រោយទទួលបរាជ័យថា លោកស្រីបានសន្យា និងសហការជាមួយប្រធានាធិបតីជាប់ឆ្នោត ហើយអំពាវនាវដល់គណបក្សប្រជាធិបតេយ្យគាំទ្រដល់ការដឹកនាំប្រទេសជាតិរបស់លោកត្រាំ ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter បានសន្យាថា និងតាមដានសកម្មភាពផ្ទេរអំណាច ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ ។ លោកក៏បានអរគុណដល់ បណ្តាមន្ត្រីនៅក្នុងមន្ទីរបញ្ចកោណដែលនៅក្រៅការប្រជែងតំណែងនយោបាយខាងលើ ៕ ម៉ែវ សាធី

download


ចែករំលែក៖