ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋ ជនជាតិដើមភាគតិចចារាយ ភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦ បានជួបប្រជុំគ្នាប្រមាណជិត២០០នាក់ ដើម្បីអនុម័តលើសេចក្តីព្រាងលក្ខន្តិក:សហគមន៍ឈានទៅចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព ។
លោក រម៉ាម ឃេន មេឃុំបរខាំបានលើកឡើងថា កិច្ចប្រជុំពេញអង្គសហគមន៍នាពេលនេះធ្វើឡើងក្នុងគោលបំណងអោយអ្នកពាក់ព័ន្ធចូលរួមធ្វើជាសាក្សី ដែលសហគមន៍ជនជាតិដើមភាគតិចចារាយ ភូមិព្រិលបានអនុម័ត លើសេចក្តីព្រាងលក្ខន្តិក: របស់ខ្លួន ឈានទៅនីតិបុគ្គលស្របច្បាប់នាពេលដ៏ខ្លីខាងមុខ ដើម្បីអោយសហគមន៍មួយនេះ ទទួលបានសិទ្ធិពេញលេញក្នុងការស្នើសុំចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពនិងបានបន្តគ្រប់គ្រងថែរក្សាដីសមូហភាពតាមបែបប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចចារាយ ភូមិព្រិល បានគង់វង្សទៅអនាគត ។
លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានសម្តែងការសប្បាយរីករាយចំពោះបងប្អូនជនជាតិដើមភាគតិចចារាយ ភូមិព្រិលដែលបានខិតខំចងក្រងឡើងនូវសេចក្តីព្រាងលក្ខន្តិក: ព្រមទាំងបានជ្រើសរើសគណ:កម្មការសម្រាប់គ្រប់គ្រងសហគមន៍ ដែលកិច្ចការនេះ ស្របទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិចនៅព្រះរាជាណាចក្រកម្ពុជា ។
លោក អភិបាលរងស្រុកបានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍នឹងក្រុមការងារថ្នាក់ខេត្តដែលបានជួយជ្រោមជ្រែងក្នុងដំណើរការចុះបញ្ជីដីសមូហភាពក្នុងភូមិព្រិល។
ជាពិសេសសហគមន៍អឺរ៉ុប ដែលបានផ្តល់ថវិកាតាមរយ:អង្គការ I C S O ដល់ដំណើរការនេះផងដែរ ។
លោក អភិបាលរងស្រុកផ្តាំផ្ញើដល់សមាជិកសហគមន៍ភូមិព្រិល ពេលដែលអនុម័តសេចក្តីព្រាងលក្ខន្តិក: ហើយត្រូវចូលរួមគោរពទាំងអស់គ្នា នូវអ្វីដែលមានចែងក្នុងលក្ខន្តិក: ដែលមាន៨ ជំពូក និង២៧ ប្រការ និងត្រូវពង្រឹងភាពជាម្ចាស់ក្នុងការប្រើប្រាស់ដីជាសមូហភាពប្រកបដោយនិរន្តរភាព ៕ វុទ្ធឦសាន