ខេត្តពោធិ៍សាត់៖ កិច្ចប្រតិបត្តិការ សហការគ្នារវាងមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកំលួង និងកម្លាំងយោធា ក្នុងករណីបង្រ្កាបបទល្មើសនេសាទ ការប្រើប្រាស់ឧបករណ៍ប្រភេទរួមផ្សំ (ឈ្នក់) ត្រូវបានជួបបញ្ហាស្មុគស្មាញ ខណៈកម្លាំងសមត្ថកិច្ចមានត្រឹមតែ២កាណូត ហើយត្រូវបានប្រជានេសាទលើកគ្នា មករារាំងដល់ទៅជាង២០កាណូតឯណោះ ។
ក្នុងកិច្ចប្រតិបត្តិការនេះ អនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
កិច្ចសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទដ៏ស្មុគស្មាញខាងលើនេះ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផល កំពង់លួងប្រាប់ថា នេះជាការបង្រ្កាប បទល្មើសនេសាទ ការប្រើប្រាស់ឧបករណ៍ប្រភេទរួមផ្សំ (ឈ្នក់) ដោយអំពូលភ្លើង ដែលគេប្រព្រឹត្តឡើងនៅពេលយប់ ហើយបទល្មើសនេះ វាមានផលលំបាកក្នុងការបង្រ្កាបខ្លាំងណាស់ ដូច្នេះហើយ ទើបយើងចូលឆ្មក់ធ្វើការបង្រ្កាបនៅពេលថ្ងៃ ដោយដកបង្គោលឈើ ប៉ុន្តែក្នុងកិច្ចការបង្រ្កាបនេះ ត្រូវបានជួបឧបសគ្គ ដោយប្រជានេសាទ លើកគ្នាមករារាំង និងឡោមទ័ពសមត្ថកិច្ច រហូតដល់ទៅជាង២០កាណូតឯណោះ ហើយក្នុងកាណូតនីមួយៗ យ៉ាងតិចក៏មានគ្នា២នាក់ដែរ រួមដោយអាវុធគ្រប់ដៃ ដូចជា កាំបិត ពូថៅ ដែកត្បែង ដំបង ។ល។ ហើយបានដៀលត្មះប្រមាថមាក់ងាយសព្វសារពើ ដល់សមត្ថកិច្ចយ៉ាងព្រហើនទៀតផង ខណៈកម្លាំងសមត្ថកិច្ចមានគ្នាតិចតួច ។
លោកនាយសង្កាត់បន្តថា បទល្មើសនេសាទភាគច្រើន កើតឡើង និងផ្ដើមចេញពីការមិនយល់ ម្យ៉ាងទៀត ពួកគាត់សំអាងអ្នកធំនេះ អ្នកធំនោះ ភ្លេចគិតអំពីការបំផ្លាញធនធានរបស់ខ្លួនឯងធ្ងន់ធ្ងរ និងទឹកចិត្តមន្រ្តីខំការពារ ដូច្នេះសូមសួរថា សមត្ថកិច្ចប្រឹងប្រែងការពារថែរក្សានេះ យកទៅណា? ហើយទៅធ្វើអ្វី?
ប្រជានេសាទនៅម្ដុំខាងលើនេះ ល្បីល្បាញខាងឡោមព័ទ្ធសមត្ថកិច្ចយូរហើយ មិនថា ថ្នាក់ណាៗ នោះទេ ឲ្យតែមកធ្វើការបង្រ្កាបឧបករណ៍របស់ពួកគាត់ តែងតែធ្វើបែបនេះ នេះ ជាទម្លាប់របស់ពួកគាត់ ខណៈចេះតែមានអន្តរាគមន៍ពីអ្នកនេះ ពីអ្នកនោះ ម្យ៉ាងទៀត ធ្វើឲ្យបទល្មើសនេសាទ ចេះតែកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយមន្រ្តីជំនាញ ត្រូវមាត់ថ្នាក់លើឥតឈប់ឈរ ។
លោកបន្តទៀតថា ករណីនេះលោកបានរាយការណ៍ជូនថ្នាក់លើអស់ហើយនោះដែរ ហើយលោកនឹងបន្តដឹកនាំកម្លាំងមន្រ្តីជំនាញក្រោមឱវាទ សហការគ្នាធ្វើការបង្រ្កាបជាបន្តបន្ទាប់ទៀត ព្រោះនេះ ជាតួនាទីមន្រ្តីជំនាញ លើកលែងតែថ្នាក់លើថា ឈប់ធ្វើការបង្រ្កាបតទៅទៀត ៕ ប៉ឹម ពិន