ប៉ោយប៉ែតៈ ស្រ្តីទុរគតជនម្នាក់ ចិញ្ចឹមចៅម្នាក់ និងកូនចិញ្ចឹសតិមិនគ្រប់ម្នាក់ បានអំពាវនាវរកសប្បុរសជនក្នុង និងក្រៅប្រទេសឲ្យជួយផ្គត់ផ្គង់ក្នុងគ្រួសារគាត់ផង ព្រោះគាត់សព្វថ្ងៃទីទាល់ក្រ គ្មានមុខរបរពិតប្រាកដ សព្វថ្ងៃដើរបេះត្រកួន ស្លឹកបាស់ និងរើសអេតចាយលក់ដូរបានប្រាក់ក្នុងមួយថ្ងៃពី បីពាន់រៀល ទៅ៤ពាន់រៀល ដើម្បីទិញអង្ករចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ គាត់លើកឡើងថា កូនរបស់គាត់មានពីរនាក់ទៅនៅខាងប្ដី ហើយកូនទាំងពីរនោះ គេមិនសូវមកអើតឡើយ ព្រោះជីវភាពកូនទាំងពីរនោះ ទីទាល់ក្រដែរ ដូច្នេះទើបពួកគេមិនដែលសូវមក ទុកឲ្យគាត់ដើរបេះបន្លែ យកមកលក់បន្តជីវិភាពប្រចាំថ្ងៃ តែក្នុងការបេះបន្លែ មានពេលខ្លះ ក៏ដួលក្នុងព្រៃ ព្រោះមិនមានអាហារគ្រប់គ្រាន់ហួបចុកប្រចាំជីវិត។
ស្រ្តីទីទាល់ក្រ ដែលអំពាវនាវរកសប្បុរសជននោះ មានឈ្មោះ យាយ គុច អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការលើកឡើងរបស់ស្រ្តី ម្នាក់ឈ្មោះ ណា រ៉ុង អាយុ៣២ឆ្នាំ រស់នៅក្បែរស្រ្តីទុរគតជនខាងលើបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ឃើញស្រ្តីទីទាល់ក្ររួបនេះ បានដើរបេះបន្លែធម្មជាតិដូចជាស្លឹកបាស់ ត្រួយល្ពៅ ត្រកួន និងបន្លែផ្សេងៗសម្រាប់លក់យកប្រាក់ទិញអង្ករ មកផ្គត់ផ្គង់ជីវិត ហើយតែងតែទុកឲ្យចៅនៅដេកចាំខ្ទមម្នាក់ឯង មានពេលខ្លះ ម៉ោង១ ម៉ោង២រសៀល ដាច់បាយក្រហាយទឹក មិនទាន់វិលមកផ្ទះ ដើម្បីបានប្រាក់ទិញអង្ករដាំបាយឲ្យចៅហួបផង ហើយការដើរបេះបន្លែសម្រាប់លក់ប្រចាំជីវិតរបស់ស្រ្តីខាងលើនេះ ជួនពេលខ្លះ បានបន្លែយកទៅលក់ំ ពេលខ្លះ ក៏បេះបន្លែមិនបានលក់ឡើយ ។
ស្រ្តីរួបនោះ បន្តថា មានពេលខ្លះស្រ្តីចំណាស់ទីទាល់ក្រខាងលើនេះ ដួលក្នុងព្រៃទៀតផង ព្រោះភាពអត់ឃ្លាន ដោយឃើញហេតុនេះ ពួកគាត់ ក៏បានផ្ដល់អង្ករ អំបិល ប្រហុក និងប្រាក់មួយចំនួនគ្រាន់ដោះដូរក្នុងគ្រួសារខ្លះៗ ចំណែកខ្ទមជួលគេ ដំបួលក៏លេច រនាបផ្ទះ ក៏បាក់ ជញ្ជាំងក៏គ្មាន ។ ដោយមើលឃើញសភាពខាងលើនេះ គាត់សួមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស ជាពិសេសសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលសម្តេចទាំងទ្វេមិនអនុញ្ញាតឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ឃ្លានឡើយនោះ សូមមេត្តាជួយផ្ដល់ការឧបត្ថម្ភដើម្បីចិញ្ចឹមចៅ និងកូនចិញ្ចឹមដែលមានសតិមិនគ្រប់នេះផង ៕ វណ្ណា