ខេត្តព្រៃវែង ៖ តារាចម្រៀងប្រចាំផលិត កម្មM លោក សន វិជ្ជបុត្រ ទើបនឹងបង្ហាញសារខូចចិត្តនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោះតែជីដូនបង្កើតរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ អ្វីដែលធ្វើឲ្យតារា ចម្រៀងនេះកាន់តែស្មុគស្មាញនោះគឺលេចចេញភាពចម្រូងចម្រាសនៅក្នុងភូមិស្រុក របស់លោកនាខេត្តព្រៃវែង ព្រោះតែមាន អ្នកភូមិមួយចំនួនបានតវ៉ាមិនឲ្យមានការ បញ្ចុះសពនៅក្នុងបរិវេណវត្ត។
ការផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋមួយចំនួនប្រឆាំងនឹងការបញ្ចុះសពលោកយាយ ឡុត សាត ជាជីដូនបង្កើតរបស់ តារាចម្រៀង សន វិជ្ជបុត្រ នេះបានកើត មានឡើងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ចំថ្ងៃដែលក្រុមគ្រួសារសពព្យាយាម រកទីបញ្ចុះសពតាមបណ្តាំផ្ញើរបស់សព កាលនៅរស់ ។
លោក សន វិជ្ជបុត្រ បានបញ្ជាក់ថា លោកយាយបង្កើតខាងម្ដាយរបស់លោកមុនពេលចែកឋានបានផ្ដាំឲ្យកូនចៅកុំបូជាសពរបស់គាត់និងសុំបញ្ចុះនៅវត្តជិតផ្ទះទើប ក្រោយពេលលោកយាយទទួលមរណ ភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្នុងជន្មាយុ ៨៦ឆ្នាំ កូនចៅក៏សុំទីតាំងក្នុងវត្តថ្មី ស្ថិតក្នុង ភូមិជ្រួលថ្មី ឃុំវីរជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលនៅជិតផ្ទះដើម្បីធ្វើជាទីបញ្ចុះសព ។
លោកបន្តថា ការស្នើសុំទីតាំងបញ្ចុះ សពនេះទទួលបានការអនុញ្ញាតពីគណៈ កម្មការវត្ត និងពីគណៈអភិបាលស្រុកឲ្យប្រគល់ដីមួយកន្លែងនៅក្នុងវត្តដើម្បីបញ្ចុះសពលោកយាយក៏ស្រាប់តែផ្ទុះការតវ៉ាពីសំណាក់អ្នកភូមិមួយចំនួនតែម្ដងតាំងពីព្រឹក ព្រលឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកបន្តទៀតថា អ្នកភូមិបានប្រកាន់ជំហរមិនឲ្យបញ្ចុះសពនៅត្រង់កន្លែងដែលបានសុំនោះទេ ដោយអះអាងថាទីធ្លាវត្តនោះចង្អៀតនិងមិនអាចឲ្យគ្រួសារសពណា មួយសុំដីធ្វើជាកន្លែងបញ្ចុះបានឡើយ។ លោកថានោះជារឿងមិនគួរកើតដោយ សារតែនៅក្នុងទីវត្តមានគេសុំដីធ្វើចេតិយជាច្រើនបានរួចមកហើយៗក៏មិនបានឃើញ លេចចេញនូវការតវ៉ាណាមួយដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក សៅ ហឿន មេភូមិជ្រួលថ្មីបានបញ្ជាក់ថា ហេតុផល ដែលប្រជាជនតវ៉ាគឺដោយសារតែគ្រួសារសពប្រកាន់ជំហរបញ្ចុះសពធ្វើជាម៉ុងហើយ ទីធ្លាវត្តមិនធ្លាប់មានម៉ុងដែលអាចធ្វើឲ្យ ខូចសោភណភាពវត្តបានទេ។ លោកថ្លែង ថា បើគាត់សុំធ្វើចេតិយអត់អីទេតែគាត់ចង់បញ្ចុះធ្វើម៉ុង ចឹងយើងឲ្យគាត់រកកន្លែង ផ្សេងព្រោះយើងអត់ចង់ឃើញម៉ុងរបៀប ចិនវៀតណាមនៅក្នុងបរិវេណវត្តទេ ។ លោកបន្តថា បើទីធ្លាវត្តនោះមានគ្រួសារ មួយអាចសុំធ្វើម៉ុងបាននោះអ្នកស្លាប់បន្ត បន្ទាប់ក្រោយៗទៀតក៏សុំធ្វើម៉ុងបានដែរ។ អ៊ីចឹងហើយទើបអ្នកភូមិតវ៉ា ហើយសម្រេច ថា ទីធ្លាក្នុងវត្តនោះគឺមិនឲ្យគ្រួសារណា ទាំងអស់ធ្វើម៉ុងដើម្បីកុំឲ្យចង្អៀតវត្ត។ លោកបញ្ជាក់ថា មុននេះបន្តិចស្ថានភាព តវ៉ាត្រូវបានបញ្ចប់ហើយបន្ទាប់ពីគ្រួសារសពបានសម្រេចចិត្តស្វែងរកទីធ្លាវត្តផ្សេងដើម្បីបញ្ចុះសពលោកយាយតារាចម្រៀង សន វិជ្ជបុត្រ ជំនួសវិញដើម្បីបញ្ជៀសការតវ៉ាកាន់តែខ្លាំង ។
លោក សន វិជ្ជបុត្រ បញ្ជាក់ថា ក្រុម គ្រួសារលោកបានសម្រេចចិត្តប្ដូរទីតាំង ដើម្បីបញ្ចប់រឿង និងកុំឲ្យវិញ្ញាណក្ខន្ធសព វិលវល់ដោយគម្រោងលោកនឹងបញ្ចុះសពលោកយាយខ្លួននៅថ្ងៃចន្ទខាងមុខ ហើយលោកក៏មិនចង់បង្កឲ្យមានភាពល្អក់កករនៅក្នុងភូមិស្រុករបស់ខ្លួនដែរ ៕ វឌ្ឍនា