ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង២ពាន់នាក់គ្រោងធ្វើលំហាត់ហ្វឹកហ្វឺនដែលមានលក្ខណៈរួមគ្នាទ្រង់ទ្រាយធំមួយនៅចុងឆ្នាំ២០១៦នេះបំណងចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពកងទ័ពទាំង២ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំលើវិស័យការពារជាតិ ។
លំហាត់ហ្វឹកហ្វឺនដែលធ្វើឡើងរួមគ្នា រវាងកងទ័ពកម្ពុជា-ចិននេះមានឈ្មោះថា នាគមាស២០១៦(Dragon Gold 2016) ត្រូវធ្វើឡើងនៅភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំលំហាត់ហ្វឹក ហ្វឺននាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទបានឲ្យ ដឹងថា លំហាត់ហ្វឹកហ្វឺននេះធ្វើឡើងក្នុង បំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង កងទ័ពកម្ពុជា-ចិនក៏ដូចជាការផ្លាស់ប្តូរបទ ពិសោធន៍លើកិច្ចការមនុស្សធម៌ ការជួយ សង្គ្រោះគ្រោះមហន្តរាយ ប្រឆាំងអំពើភេរវ កម្ម និងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់ អង្គការសហប្រជាជាតិ ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លំហាត់ហ្វឹកហ្វឺននេះនឹងមានការហ្វឹកហ្វឺន លើការជួសជុលផ្លូវ, រាវមីន, កម្ទេចយុទ្ធ ភណ្ឌមិនទាន់ផ្ទុះ, ដំឡើងស្ពាន ជួយសង្គ្រោះ លើផ្ទៃទឹក, ពន្លត់អគ្គិភ័យ និងសង់ជម្រក ជូនជនរងគ្រោះជាដើម ៕ សុខដុម