ព័ត៌មានទាន់ហេតុការណ៍៖

ខៀវ សុខារ៉ាវីធ្លាយដំណឹងពពោះកូនទី២

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ខៀវ សុខារ៉ាវីដែលទើបនឹងវិលមករកសិល្បៈសាជាថ្មីនោះបានសម្រេចចិត្តបោះបង់ចោលការងារសិល្បៈ វិញទាំងស្ងប់ស្ងាត់។ ដំណឹងចុងក្រោយ បានលើកឡើងថា តារាស្រីរូបនេះកំពុង ពពោះកូនទីពីរដែលពេលនេះជិតគ្រប់ខែទៅហើយ។

ដំណឹងពីអ្នកសិល្បៈម្នាក់បានឱ្យដឹងថា ខៀវ សុខារ៉ាវី មិនទាន់បញ្ចប់អាជីពសិល្បៈ នៅឡើយទេ។ នាងគ្រាន់តែសម្រាកមួយ រយៈដើម្បីមើលថែគភ៌ក្នុងផ្ទៃដែលជាកូនទី២របស់នាងតែប៉ុណ្ណោះ។

ប្រភពពីអ្នកសិល្បៈដែលមានឈ្មោះល្បីនិងជា អ្នកមានការប្រាស្រ័យទាក់ទងជិតដិតនឹងខៀវ សុខារ៉ាវី បានប្រាប់ដោយសុំមិនបញ្ចោញ ឈ្មោះថាសុខារ៉ាវីកំពុង ពពោះកូនដែលមានអាយុប្រហែលជា៦ខែ ហើយៗកូនទី២នោះជាកូនស្រី។ ប្រភព ខាងលើនិយាយថានាងបានខកខាន ឃើញ ខៀវ សុខារ៉ាវី យូរដែរហើយព្រោះគេមិនសូវចេញក្រៅហើយប្រហែលជានៅផ្ទះថែខ្លួនព្រោះតាមដឹង សុខារ៉ាវី ជិតសម្រាល កូនហើយនៅសល់មិនដល់២ខែទៀតទេ។

មានព័ត៌មានថា រ៉ាវី នឹង ទៅសម្រាល កូននៅប្រទេសថៃដូចកាលនាងមានកូន ទី១ដែរព្រោះដើម្បីសុវត្ថិភាពនិងការចេញឆ្ងាយពីភ្នែកមហាជនដែលអាចស្គាល់នាងថាជាតារាសិល្បៈ។ មិនមានការបញ្ជាក់ទេថាឪពុករបស់កូនទី២របស់នាងគឺជាអតីតស្វាមីឬបុរសថ្មីនៅឡើយទេខណៈដែលនាងមិនដែលទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនច្រើនប្រាប់ដល់មិត្តរួមអាជីព។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីខៀវ សុខារ៉ាវីបាននៅឡើយទេព្រោះតែទូរស័ព្ទមិនចូល។ ទោះជាយ៉ាងណាតាមការ ឲ្យដឹងពីអ្នកជិតខាងហាង Mini Mart របស់ នាងដែលស្ថិតនៅតាមបណ្តោយផ្លូវសុធារសអមមាត់ទន្លេ។ នៅទីនោះមាន ពាក្យខ្សឹបខ្សៀវដូចគ្នាដែរថាពោះរបស់ សុខារ៉ាវីខ្ទាតធំដូចអ្នកមានផ្ទៃពោះ។ ពួកគេ ថាយូរៗម្តងនាងបង្ហាញមុខនៅហាងលក់ដូរនេះដោយស្លៀកពាក់រលុងៗនិងធាត់ ជាងមុនបន្តិចហើយយូរៗម្តងទើបគេឃើញនាងមកហាងម្តង។

គួររំលឹកថា កូនទី១របស់សុខារ៉ាវី ជាកូនប្រុសដែលពេលនេះមានអាយុជាង៤ឆ្នាំហើយ។ ស្វាមីរបស់នាងត្រូវគេល្បីថា ជាយោធាផ្កាយពីរដែលសម្បូរទ្រព្យ។ ប៉ុន្តែ មានដំណឹងជាហូរហែថានាងបានបែកបាក់ពីលោកឧត្តមសេនីយ៍នោះកាលពី ឆ្នាំ ២០១៤ បន្ទាប់មកក៏សម្រេចចិត្តត្រឡប់ ចូលប្រឡូកក្នុងវិស័យសិល្បៈវិញនៅចុងឆ្នាំនេះដែរ។

ទោះយ៉ាងណា រ៉ាវី មិនដែលទទួលស្គាល់ថាចំណងស្នេហ៍គ្មានអាពាហ៍ពិពាហ៍របស់នាងនេះបានដាច់ដោចទេ។ ចេញមុខលើឆាកសិល្បៈមិនបានប៉ុន្មានផងនៅដើមឆ្នាំ ២០១៦ នេះ នាងស្រាប់តែបាត់មុខឈឹងសាជាថ្មីម្តងទៀត។ ច្រើនខែមកនេះមាន ពាក្យចចាមអារ៉ាមថា នាងបានដកខ្លួនពី សិល្បៈទៅធ្វើជំនួញផ្នែកទិញលក់អចលនទ្រព្យ និងខ្លះទៀតថានាងបានវិលជួបមន្ត្រីយោធាសាងស្នេហ៍ជាថ្មីហើយដូចពេល មុនដែរ ហើយស្វាមីរបស់នាងបានជំទាស់មិនឱ្យនាងលេចមុខមាត់ក្នុងនាមជាអ្នកសិល្បៈទេ៕ វឌ្ឍនា

_dsc1971 _dsc1974


ចែករំលែក៖