ខេត្តស្ទឹងត្រែងៈ ចោរដាច់យ៉ៃ មានគ្នាប្រាំទៅប្រាំមួយនាក់ ជិះម៉ូតូពីរគ្រឿងពាក់មួកឃ្លប់ មកវាយសោចាក់ធុងទឹកកក យកអស់ភេសជ្ជៈ និងស្រាបៀរជាច្រើនកំប៉ុងច្រកថង់គេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍កើតឡើងនៅចំណុចផ្លូវបំបែកអូពងមាន់ ភូមិរានុកូល សង្កាត់ស្ទឹងត្រែង
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេម៉ោង២១និង៤៩នាទី ថ្ងៃទី១៣
ខែវិច្ឆិកា ឆ្នាំ២០១៦ ។
តាមការឲ្យដឹងពីម្ចាស់ផ្ទះឈ្មោះ យ៉េន ហៀប អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ សារី អាយុ២៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅកំពង់ចាម
មកជួលផ្ទះគេរកស៊ីលក់ម្ហបពិសេស(សាច់ឆ្កែ) បានជាងប្រាំទៅប្រាំមួយខែតែប៉ុណ្ណោះ មកដល់ថ្ងៃកើតហេតុខាងលើ ក៏មានចោរដាច់យ៉ៃមួយក្រុម មានគ្នាប្រាំទៅប្រាំមួយនាក់ យកអាវបិតមុខ ខ្លះស្លៀកពាក់ដូចជាអ្នកធ្វើចំការមកធ្វើសកម្មភាពគាស់ជញ្ចាំងផ្ទះ ហើយក្រុមចោរទាំងនោះបានទៅវាយសោធុងទឹកកកយកអស់គ្រឿងកំពង់ សរុបទឹកប្រាក់អស់ជាង៥០ម៉ីនរៀល រួចបានគេចបាត់តែម្តង ។
លោកហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលបានឲ្យដឹងថា ករណីខាងលើនេះគឺជាក្រុមក្មេងទំនើងដើរយប់ ហើយក៏ជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះផងដែរ ។
សមត្ថកិច្ច នៅមិនទាន់កំណត់មុខសញ្ញាច្បាស់លាស់នៅឡើយទេ សមត្ថកិច្ចនឹងចាត់ការស៊ើបអង្កេតក្រុមក្មេងទំនើងទាំងនោះ
បន្តទៀត ដើម្បីយកមកដាក់ទោសទៅតាមច្បាប់ឲ្យខាងតែបាន ៕ មាស សុផាត