ខេត្តកំពត ៖ បើតាមសេចក្តីការណ៍បានឲ្យដឹងថានៅក្នុងពន្ធនាគារខេត្តកំពត ក្រោយពីលក់ទីតាំងចាស់បានលុយរាប់លានដុល្លារ ហើយទៅរៀបចំទីតាំងថ្មី មានចម្ងាយជិត ២០គីឡូម៉ែត្រ ពីក្រុងកំពត ស្ថិតនៅភូមិ ព្រែកអំពិល មុខសាលាឃុំកោះតូចនោះ ពេលនេះកើតមានរឿងមិនប្រក្រតីហើយ ទាក់ទងនឹងអំពើពុករលួយរបស់ប្រធាន ពន្ធនាគារ គឺលោក បូ និង អនុប្រធានម្នាក់ ឈ្មោះ សុក រឿងចែកដីគ្នាសម្រាប់ធ្វើផ្ទះស្នាក់នៅទៅឲ្យមន្ត្រីក្រោមឱវាទដោយ ពុំមានការចាប់ឆ្នោតបែបបក្ខ ពួកនិយម និងថែមឈ្មោះមន្ត្រី ដើម្បីយកដីទុកលក់ ទៀតផង ។
បើតាមការឲ្យដឹងពីមន្ត្រីតូចតាចក្នុង នោះថា កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីពន្្ធនាគារ បានផ្ទុះការតវ៉ា នឹងមេរបស់ខ្លួនរឿងសន្យាមុនពេលប្តូរ ពន្ធនាគារថានឹងចែកដីឲ្យមន្ត្រីរបស់ខ្លួនទាំង៧០នាក់ តែដល់ពេលនេះលោកប្រធាននោះមិនបានចាប់ឆ្នោតទេ បែរជាចែកគ្នា ស្ងាត់ៗ ដោយអ្នកខ្លះលក់ដីនោះយកលុយបាត់ហើយអ្នកខ្លះបានទីតាំងល្អ ។ ចំណែក អ្នកអត់សែបានដីក្រោមបណ្តាញបង្គោលខ្សែភ្លើងធ្វើឲ្យមន្ត្រីថ្នាក់ក្រោមខឹងផ្ទុះការ តវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ។
សូមបញ្ជាក់ថា មន្ត្រីមានតែ៧០នាក់ទេ តែប្រធានដាក់ រហូតដល់ទៅ៧៤នាក់ ក្រុមមន្ត្រីគ្រោងនឹងបង្ហាញរឿងពុករលួយជាច្រើនទៀតក្នុងពន្ធនាគារ ។
ទាក់ទងនឹងរឿងនេះលោកបូ ប្រធាន ពន្ធនាគារខេត្តកំពតបានឲ្យដឹងថា មិនបាន ចាប់ឆ្នោតទេគឺចែកតាមលេខរៀង ។ ត្រង់ចំណុចទាំងនេះលោកមិនបានបញ្ជាក់ចែកតាមលេខរៀងរបៀបណានោះទេទើបរហូតដល់មន្ត្រីថ្នាក់ក្រោមឃ្នើសចិត្តផ្ទុះការតវ៉ា ដូច្នេះ ។ ពួកគាត់បាននិយាយថាបើ លោក ប្រធាននៅតែមិនដោះស្រាយឲ្យបានត្រឹម ត្រូវទៀតនោះ ពួកគាត់នឹងលើករឿងពុក រលួយទាំងអស់ក្នុងពន្ធនាគារបង្ហាញចេញជាសាធារណៈឲ្យគេដឹងមិនខានឡើយ ៕ ហេង នរិន្ទ្រ