ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ប្រាប់ សួន សេរីរដ្ឋា ថា រិះគន់ចុះតែជួយធ្វើផង

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោកឆ្លើយតបចំពោះលោក សួន សេរីរដ្ឋាថា សួស្តីមិត្តតាមបណ្តាហ្វេសប៊ុក ទាំងអស់! ថ្ងៃនេះខ្ញុំសូមឆ្លើយតបជាមួយ លោក សួន សេរីរដ្ឋា បន្តិចចំពោះការលើកឡើងរបស់គាត់ទាក់ទងនឹងការនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោជូនដល់បងប្អូនកងកម្លាំងប្រដាប់ អាវុធដែលកំពុងឈរជើងការពារតាម បណ្តោយព្រំដែនគោក ព្រំដែនទឹក និង បណ្តាកោះនានា៖

១-ថវិកាក្រសួងការពារជាតិដែលទទួល បានពីកញ្ចប់ថវិកាជាតិ មិនបាត់ទៅណាទេ គឺប្រើប្រាស់ទៅតាមគម្រោងផែនការឆ្នាំ ដែលបានលើកឡើងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមួយផ្នែកធំគឺចំណាយទៅលើការដំឡើងប្រាក់បៀវត្សរបស់យោធិនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារ។ ក្រៅពីនោះក៏ មានចំណាយទៅលើការងារហ្វឹកហ្វឺន ការ ផ្គត់ផ្គង់សម្ភារ និងយោធបរិក្ខារកងទ័ព ការ ងារប្រតិបត្តិការកងទ័ព ការងារថែទាំបច្ចេក ទេសគ្រឿងចក្រ ។ល។

២-អាវភ្លៀង និងអាវរងាដែលសម្តេច ផ្តល់ជូនទៅកងកម្លាំងជាប្រចាំកន្លងមកនេះគឺមិនមែនសម្រាប់ជំនួសឲ្យគោលរបបដែលយោធិនបានទទួលពីក្រសួងការពារជាតិនោះទេ ប៉ុន្តែវាជារបស់បន្ថែមដែល សម្តេចផ្តល់ជូនជាការលើកទឹកចិត្តដល់កងកម្លាំងដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់យើង។

៣-ចំពោះថវិកាសម្រាប់ទិញអាវរងា និង អាវភ្លៀងនេះគឺបានមួយផ្នែកពីការចូលរួមផ្ទាល់របស់សម្តេចតេជោ និងមួយផ្នែកធំទៀតគឺបានមកពីការចូលរួមរបស់សប្បុរស ជនជាច្រើនតាមគំនិតផ្តួចផ្តើមនិងការអំពាវ នាវរបស់សម្តេចតេជោ ពោលគឺមិនប៉ះ ពាល់ថវិកាជាតិទេ ។

៤-ជាចុងក្រោយនេះ ខ្ញុំសូមជូនយោ បល់ទៅលោក សួន សេរីរដ្ឋាថា ជាជាង លោកចំណាយពេលវេលា និងខួរក្បាល របស់លោកទៅលើការខិតខំរកវិធីរិះគន់ ដល់អ្នកដែលធ្វើសកម្មភាពជួយដល់កងទ័ព (ដូចជាការផ្តល់អាវភ្លៀង ឬអាវរងា ដល់កងទ័ពនេះ លោកគួរតែចំណាយ ពេលវេលាគិតរកវិធីជួយដល់កងទ័ពតាម រូបភាពណាដែលខ្លួនមានលទ្ធភាពធ្វើ ព្រោះផលប្រយោជន៍ដែលបងប្អូនកងកម្លាំង បានផ្តល់ឲ្យតាមរយៈការខិតខំបំពេញភារកិច្ចរបស់ពួកគាត់ក្នុងការការពារបូរណភាព ទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាព និង សន្តិសុខសង្គមគឺសម្រាប់យើងទាំងអស់គ្នារួមទាំងរូបលោក និងក្រុមគ្រួសារផង ដែរ។ យើងគួររួមគ្នាធ្វើវាប្រសើរជាងរួមគ្នា ថា ហើយបើថាក៏ថាចុះសូមជួយធ្វើខ្លះផង។

បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានឆ្លើយ តបនឹងសំណួររបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរនៅលើ បណ្តាញសង្គមហ្វេសប៊ុកនោះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ៣០១៦ លោក សួន សេរីរដ្ឋា បានឆ្លើយតបដោយថ្លែងអំណរ គុណលោក ហ៊ុន ម៉ាណែត ហើយលោក ចាត់ទុកថា សារឆ្លើយតបនេះគឺជាវប្បធម៌ប្រជាធិបតេយ្យមួយ ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់នៅលើ ហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានឆ្លើយ តបសំណួរមួយចំនួនរបស់ខ្ញុំ ដែលខ្ញុំបាន សរសេរដាក់ផ្សាយកាលពីថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនៅលើហ្វេស ប៊ុកផ្លូវការរបស់ខ្ញុំ។ នេះចាត់ទុកជាវប្បធម៌ប្រជាធិបតេយ្យប្រយោលមួយដែលទោះបីមិនទាន់ពេញលេញជាការដេញដោលគ្នានៅលើវេទិកាសាធារណៈនៅចំពោះមុខ ពលរដ្ឋក៏ដោយក៏ជាការចាប់ផ្តើមមួយ ដែលអាចហៅបានថា “មានសំណួរមាន ចម្លើយ” » ។

លោក សួន សេរីរដ្ឋា បានសរសេរបន្ត ថា «ខ្ញុំចង់ឃើញពលរដ្ឋខ្មែរ បញ្ចប់វប្បធម៌ដើរតាមអ្នកនយោបាយដែលខ្លួនគាំទ្ររួចទៅធ្វើបាតុកម្មប្រឆាំងដេញអ្នកដែលខ្លួន មិនគាំទ្រ ដោយខ្ញុំចង់ដាក់ជំនួសវប្បធម៌ថ្មី គឺពលរដ្ឋខ្មែរទាំងអស់រួមគ្នាហៅអ្នកនយោបាយមកពីគ្រប់បក្សឲ្យឡើងលើវេទិកា សាធារណៈរួចនាំគ្នាលើកដៃសួរដេញដោល ពីបញ្ហានិងដំណោះស្រាយឲ្យពួកគេបញ្ចេញ សមត្ថភាពឆ្លើយនិងដោះស្រាយវិញ»៕ ហេង សូរិយា

hun-maneth


ចែករំលែក៖