ព័ត៌មានទាន់ហេតុការណ៍៖

ដុតភ្លើងដាំទឹកទុកចោលដើរចេញទៅក្រៅបាត់បណ្ដាលឲ្យឆេះផ្ទះទាំងស្រុង

ចែករំលែក៖

ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ត្រូវបានភ្លើងឆាបឆេះខ្ទេចនៅសល់តែគ្រោងឆ្អឹងបន្តិចបន្តួច ។ ករណី នេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការ នគរបាលស្រុកពួកបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ ធ្វើអំពី ឈើប្រក់ស័ង្កសី ក្រាល ក្តារ មានទំហំ ៧គុណ ៨ម៉ែត្រ មូលហេតុបណ្ដាលមកពីម្ចាស់ផ្ទះដាំទឹកទុកចោលដើរចេញទៅក្រៅបាត់ ទើបបណ្ដាលឲ្យភ្លើងឆេះផ្ទះទាំងស្រុងបែបនេះ ។

ក្នុងហេតុការណ៍នេះដែរ ក៏មានបងប្អូន ប្រជាពលរដ្ឋក្បែរខាងនិងសមត្ថកិច្ចនគរបាលមូលដ្ឋានជួយពន្លត់ភ្លាមៗដែរ តែដោយសារភ្លើងឆេះខ្លាំងពេកទើបមិនអាចទប់ស្កាត់បានតែករណីនេះមិនបណ្ដាលឲ្យអ្នកណា ម្នាក់រងរបួសនោះទេ ។

លោកអធិការនគរបាលស្រុកបាន បញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុល ហង់ ភេទប្រុស អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ឈន់ ឡាំ អាយុ៥០ឆ្នាំ របស់របររងការ ខូចខាតមានម៉ាស៊ីនបូមទឹក២គ្រឿង , ម៉ាស៊ីនបាញ់ថ្នាំ២គ្រឿង, ប្រាក់ដុល្លារ ចំនួន១៥០ដុល្លារ កងដៃមាស៣ជី និង ស្រូវចំនួន៣ការុងផងដែរ ៕ ហេង នរិន្ទ្រ

aes-2


ចែករំលែក៖