ភ្នំពេញ៖ តារាសម្តែង ពេជ្រ អាវីហ្សា ហៅម៉ី ដែលទើបនឹងប្រកាសបញ្ចប់ចំណងស្នេហាជាមួយនឹងប្អូនថ្លៃលោកឧកញ៉ាល្បីឈ្មោះមិនទាន់បានបាត់ហុយផ្សែងផងស្រាប់តែលេចចេញជម្លោះហិង្សាយ៉ាងព្រៃផ្សៃពីអតីតសង្សាររបស់នាង។ ទោះបីជា ហិង្សាក្នុងក្លិបកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុដែលធ្វើឲ្យល្បីខ្ទរខ្ទារពេញផ្ទៃ ប្រទេសក្តីក៏តារាសម្តែងសាច់សខ្ចីរូបនេះនៅមិនហ៊ានដាក់ពាក្យបណ្តឹងទៅកាន់ តុលាការទាមទាររកយុត្តិធម៌នៅឡើយព្រោះតែនាងនៅតែខ្លាចរអានឹងការយាយីពីសំណាក់អតីតគូស្នេហ៍ខាងលើ ។
ករណីបង្កហិង្សារហូតបែកមុខបែកមាត់ និងបន្សល់ស្នាមរបួសស្ទើរពេញរាងកាយ ចំពោះតារាសម្តែង ពេជ្រ អាវីហ្សា បាន ក្លាយជាប្រធានបទថ្មី និងបង្កើតឲ្យមាន ប្រតិកម្មយ៉ាងខ្លាំងក្នុងចង្កោមអ្នកសិល្បៈ មិនចាញ់ករណីអតីតពិធីការិនីសាសានោះទេ។ ទោះបីជារងការជេរប្រមាថវាយដំដូចសត្វធាតុក្តីក៏តារាសម្តែងស្រីល្បីខាងសាច់សខ្ចីដើមទ្រូងធំរូបនេះនៅតែមិនហ៊ានតតាំង ផ្នែកផ្លូវច្បាប់ជាមួយនឹងអតីតគូស្នេហ៍ដែល គេដឹងថាធ្លាប់អាងលុយកាក់ និងអំណាច បងថ្លៃមានងារជាឧកញ៉ាល្បីឈ្មោះនោះដែរ ។ សង្សារនាងត្រូវបានគេស្គាល់ថា ឈ្មោះគៀង ហេង ហៅហ៊ាហេង ជាប្អូនថ្លៃនិងជាមនុស្សជំនិតរបស់លោកឧកញ៉ា ទ្រី ភាព ដែលកន្លងមកធ្លាប់មានបញ្ហាទំនាស់ជាញឹកញាប់ទាំងជាមួយអ្នកសិល្បៈ ព្រោះ តែការប្រចណ្ឌជ្រុលហួសហេតុពេកនោះ។ លោកគៀង ហេង ក៏ត្រូវបានគេស្គាល់ដែរ ថា ជាបុរសដែលជាន់ផែនដីផ្អៀងនៅខេត្តព្រះសីហនុដោយបានប្រើប្រាស់អំពើហិង្សា មកលើសង្សារនាង ពេជ្រ អាវីហ្សា ហៅ អាម៉ី រហូតបែកមុខបែកមាត់មើលស្ទើរលែង ស្គាល់នៅក្នុងក្លិបកម្សាន្តស្កាយ ។
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ជាថ្មីពីសំណាក់ តារាសម្តែងពេជ្រ អាវីហ្សា បាន នៅឡើយ ទេ ខណៈដែលទូរស័ព្ទចូលជាច្រើនដងតែនាងមិនទទួល។ ប៉ុន្តែបើតាមការបញ្ជាក់ពីអ្នកជិតដិតនាងបានលើកឡើងថា ពេជ្រ អាវីហ្សា ទំនងជាខ្លាចរអានឹងការធ្វើបាបពីសំណាក់អតីតគូស្នេហ៍ជាថ្មីប្រសិនបើនាងហ៊ានដាក់ពាក្យបណ្តឹង ។
ប្រភពបន្តថា ការមិនដាក់ពាក្យបណ្តឹង នេះក៏ត្រូវបានគេទម្លាយដែរថា មានការ សម្របសម្រួលពីសំណាក់លោកឧកញ៉ា ទ្រី ភាព ដែរព្រោះតែលោកឧកញ៉ាមិនចង់ឲ្យ មានទំនាស់កាន់តែរីកធំនិងឆ្លងកាត់ផ្លូវច្បាប់ នោះទេ។ អ្នកសិល្បៈរូបនេះលើកឡើងថា តាមពិតទៅកន្លងមក ពេជ្រ អាវីហ្សា ធ្លាប់បានសុំបែកពីសង្សារជាច្រើនលើកច្រើនសាព្រោះតែសង្សារនាងជាបុរសកំពូលប្រចណ្ឌ ដែលសូម្បីតែនាងស្និទ្ធស្នាលជាមួយបង ប្អូនមិត្តភក្តិក៏មិនបានដែរ ។
ប្រភពបន្តទៀតថា កន្លងមកតារាស្រីរូបនេះក៏ធ្លាប់រងអំពើហិង្សាជាហូរហែពីសំណាក់ គូស្នេហ៍ ប៉ុន្តែនាងព្យាយាមលាក់បាំង។ មានការលើកឡើងដែរថា ជម្លោះដែលកើត ឡើងនៅក្លិបកម្សាន្តស្កាយនៅខេត្តព្រះ សីហនុនោះក៏កើតឡើងពីការប្រចណ្ឌដែរ ប៉ុន្តែមិនមែនជាការស្ទាក់ទៅតាមវាយនោះទេគឺតារាសម្តែងពេជ្រ អាវីហ្សា និងហ៊ា ហេងនោះរួមដំណើរទៅកម្សាន្តជាមួយគ្នាតែប៉ុណ្ណោះ ។
អ្នកសិល្បៈដែលដឹងរឿងបញ្ជាក់ថា ពេជ្រ អាវីហ្សា បានសុំសង្សារបែកជាច្រើន ដង ប៉ុន្តែសង្សារនាងហាក់មិនព្រមបើកឲ្យនាងមានសេរីភាពឡើយរហូតពេលខ្លះនាង ព្យាយាមចាកចេញទៅស្នាក់នៅប្រទេសថៃមួយរយៈពេលដើម្បីព្យាយាមផ្តាច់ ស្នេហានេះហើយដោយសារខ្លាចរអានឹងការគំរាមកំហែងទើបព្រមត្រូវរ៉ូវគ្នាវិញ។
ស្របពេលនាងមិនហ៊ានតតាំងជាមួយជនដៃដល់ភ្លាមៗនោះនៅក្នុងសង្គមសិល្ប:ទាំងមូលមានតារាជាច្រើនបានសម្តែង ប្រតិកម្ម និងកំហឹងជុំវិញករណីប្រើហិង្សារបស់ជនដែលមានកម្លាំងបាយរឹងមាំបែរជា មកវ៉ៃមនុស្សស្រីទន់ខ្សោយ ហើយវាគឺជា អំពើដែលសង្គមស្អប់ខ្ពើមនិងស្នើឲ្យស្ថាប័ន ពាក់ព័ន្ធជួយការពារតារាសម្តែងខាងលើ ផងដែរ ។
អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជា ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយ សង្គមបានថ្លែងក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងថាក្នុងនាមបុរសជាឪពុកដែលមានឋានះតូចទាបត្រូវឈរមើលមនុស្សប្រុសដែលត្រូវជាសង្សារកូនស្រីរបស់គាត់បានវាយកូនស្រីខ្លួនដោយមិនហ៊ានតតាំងបាន ត្រឹមតែឃាត់ដោយប្រយោល ព្រោះខ្លាច អំណាចគេ តើឈឺចាប់និងខ្លោចផ្សាប៉ុន ណា? តាមដឹងព័ត៌មានគួរយកជាការបានគឺ ខាងប្រុសវាយប្រតាយប្រតប់ក្នុងរថយន្ត ហើយឪពុកអាវីហ្សាបានត្រឹមតែឈរយំ និងឃាត់តែគ្មានអ្នកស្តាប់បើជាការពិតមែន គឺឈឺហួសថ្លែង ។
តារាសម្តែងជើងចាស់រូបនេះលើកឡើង ថា “ខ្ញុំចង់សួរទៅមនុស្សប្រុសមួយចំនួនថាហេតុអី? មុននិងអ្នកលើកដៃវាយមនុស្សស្រីអ្នកមានគិតថានាងលះបង់អ្វីខ្លះដើម្បី អ្នក? កិត្តិយស គ្រួសារ និងខ្លួនប្រាណហេតុ អីក៏ពួកអ្នកធ្វើបាបមនុស្សស្រីដូចសត្វយ៉ាង នេះ? ខ្ញុំមិនដឹងថា តើអូន ពេជ្រ អាវីហ្សា គាត់មានកំហុសធ្ងន់ប៉ុនណាទេ ខ្ញុំគ្រាន់តែ ដឹងថាពិភពលោកទាំងមូលកំពុងតែលុប បំបាត់អំពើហិង្សាដែលកើតឡើងតាម ប្រទេសនីមួយៗ ជាពិសេសអំពើហិង្សាពី បុរសមកលើស្ត្រី ពួកអ្នកគិតថាមនុស្សស្រីគឺជាបាវសាក់សម្រាប់អ្នកបញ្ចេញកំហឹង ឬ? ទោះជាយ៉ាងណានាងប្រកាសផ្តល់មេធាវីជួយដល់តារាសម្តែង ពេជ្រ អាវីហ្សា ប្រសិនបើនាងចង់បាន ហើយអ្វីដែលនាងចង់បានដែរនោះគឺការជួយអន្តរាគមន៍ពី សំណាក់ប្រមុខរាជរដ្ឋាភិបាលឲ្យជួយរកយុត្តិធម៌សម្រាប់នាង” ។
គួរបញ្ជាក់ថា យោងតាមច្បាប់នៃព្រះ រាជាណាចក្រកម្ពុជាបានចែងអំពើហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានរៀលទៅ១០លានរៀល កាលបើអំពើ ហិង្សានេះត្រូវបានប្រព្រឹត្តដោយសហព័ទ្ធ ឬដោយអនីតិសង្វាសជនរបស់ជនរង គ្រោះ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើករណីលោក គៀង ហេង នេះនឹងត្រូវ បានគេបញ្ចប់នៅក្រៅរបងតុលាការបានដែរឬយ៉ាងណានោះទេ ។
គ្រាដែលមជ្ឈដ្ឋានអ្នកសិល្បៈទូទៅបាន សម្ដែងក្ដីអាណិតអាសូរចំពោះតារាសម្ដែង កញ្ញាពេជ្រ អាវីហ្សា ដែលត្រូវអតីតគូស្នេហ៍ គឺលោក គៀង ហេង ប្រើហិង្សាបណ្ដាលឲ្យ រងរបួសបែកមុខបែកមាត់ជាំពេញខ្លួន និង បានទាមទារឲ្យមានវិធានការតាមផ្លូវច្បាប់លើជនបង្កដែលបានប្រើអំណាចលើស្រ្តី ទន់ខ្សោយនោះស្រាប់តែជនរងគ្រោះផ្ទាល់គឺកញ្ញា ពេជ្រ អាវីហ្សា បែរជាបញ្ជាក់ជំហ របស់ខ្លួនថា បានមិនដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ឡើយ ។
តារាសម្ដែង ពេជ្រ អាវីហ្សា បានថ្លែងទាំងខ្លួនមានរបួសជាំពេញខ្លួន ហើមមុខ ពោរបានឲ្យដឹងថា ទោះបីជាអតីតគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ គៀត ហេង ដែលត្រូវជាប្អូនថ្លៃរបស់លោកឧកញ៉ា រកស៊ីឈើដ៏ល្បី ទ្រី ភាព បានប្រើអំហិង្សា លើរូបនាងដោយបានស្ទាក់វាយយ៉ាងដំណំ រហូតបណ្ដាលឲ្យរូបនាងរបួសពេញមុខ និងដងខ្លួនធ្ងន់ធ្ងរក្ដី ប៉ុន្តែនាងបានប្រកាន់ ចិត្តហើយថា មិនប្ដឹងអតីតគូស្នេហ៍រូបនេះ តាមផ្លូវច្បាប់ឡើយ ។
មូលហេតុដែល ពេជ្រ អាវីហ្សា មិន សម្រេចចិត្តដាក់ពាក្យប្ដឹងមិនត្រូវបាននាងបញ្ជាក់ឲ្យដឹងនោះទេគឺនាងគ្រាន់តែនិយាយ ដោយខ្លីថា ពេលនេះនាងកំពុងព្យាបាល របួសមិនអាចនិយាយអ្វីបានច្រើនជាងនេះទេ ។
កញ្ញា ពេជ្រ អាវីហ្សា និយាយដោយខ្លី ថា «ចា៎..បង ខ្ញុំគិតថា ខ្ញុំមិនប្ដឹងគាត់ (គូស្នេហ៍)ទេ ហើយមូលហេតុយ៉ាងណា នោះខ្ញុំអត់ទាន់និយាយកើតនៅពេលនេះទេ ខ្ញុំកំពុងឈឺរបួស ហើមមាត់និយាយ បានតិចៗទេបង អរគុណហើយបង.. ចាំខ្ញុំខលទៅបងវិញ..!»។
លោក សុះ ម៉ាច ប្រធានសមាគម សិល្បករខ្មែរបានថ្លែងឲ្យដឹងថា រូបលោក ក៏ដូចជាសមាគមនឹងចាំជួយកញ្ញា ពេជ្រ អាវីហ្សា គ្រប់ពេលខណៈដែលសមាគមក៏ មានមេធាវីដើម្បីផ្ដល់ជូនកញ្ញា អាវីហ្សា ភ្លាមៗបើត្រូវការចាំបាច់ ។
លោកប្រធានសមាគមសង្កត់ធ្ងន់ថា លោកមិនអាចគាំទ្រទង្វើរបស់អ្នកមាន អំណាចដែលបានប្រីអំណាចមកបំពាន លើស្រ្តីទន់ខ្សោយបែបនេះឡើយ។ ប្រទេស មានច្បាប់ជនដែលបង្កល្មើសច្បាប់ត្រូវតែមានវិធានការតាមផ្លូវច្បាប់ ។
ជុំវិញករណីនេះស្នងការនគរបាលខេត្ត ព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងនគរបាលរបស់លោកចុះទៅស្រាវជ្រាវករណីនេះហើយថា ពិតជាបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ឬមួយ យ៉ាងណា ពីព្រោះរហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានរបាយការណ៍ពីកម្លាំងមូលដ្ឋាននៅឡើយទេ ។
សូមបញ្ជាក់ថា យោងតាមច្បាប់ទោះបីជនរងគ្រោះអត់ប្ដឹងក៏ពិតមែនតែមានភស្តុតាងបទល្មើសជាក់ស្ដែងបែបនេះព្រះរាជអាជ្ញាមានអំណាចប្ដឹងចោទប្រកាន់តាម ច្បាប់បានគឺពីបទហិង្សាដោយចេតនា និង ពីបទបង្ករបួសស្នាម ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ឯណេះវិញមានការអត្ថាធិប្បាយជាច្រើន ដោយអ្នកខ្លះទម្លាក់កំហុសទៅលើកញ្ញា ពេជ្រ អាវីហ្សា ថាឃ្លានលុយដុល្លាររបស់ អ្នកមាននោះខ្លាំងពេក ទីបំផុតត្រូវរងនូវ ទឹកភ្លែក និងអំពើហិង្សាដែលមិនចេះឆ្អែត ឆ្អន់របស់បុរសអ្នកមានលុយនោះ ។ ក៏ប៉ុន្តែ ភាគច្រើនបានសម្តែងការអាណិតអាសូរ ចំពោះកញ្ញាថាមិនគួររងនូវអំពើហិង្សាពី ជនអគតិដែលមានទ្រព្យ ប៉ុន្តែមិនមាន សេចក្តីថ្លៃថ្នូរក្នុងខ្លួនបែបនេះឡើយ ។
នៅក្នុងបណ្តាញសង្គមបានផ្តល់ការ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអំពើហិង្សា លើតារាសម្តែងរូបនេះ ។ មិនតែប៉ុណ្ណោះ ការណ៍ដែលជនរងគ្រោះមិនហ៊ានប្តឹងផ្តល់ តាមផ្លូវច្បាប់ក៏ព្រោះតែខ្លាចអំណាចលុយ របស់ជនបង្ក ។ យ៉ាងណាក៏ដោយគេរង់ចាំមើលថា តើសាលាដំបូងខេត្តព្រះសីហនុ អាចចាត់ការជនប្រព្រឹត្តហិង្សាបែបនេះបាន ឬទេ? ៕ វឌ្ឍនា