ខេត្ដសៀមរាប៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានរងរបួសធ្ងន់ និងត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបភ្លាមៗ ដោយសាររថយន្ដដឹកអ្នកដំណើរក្រុមហ៊ុនឡារីតា បើកបុកទាំងកម្រោល ខណៈជនរងគ្រោះកំពុងបើកបរម៉ូតូឆ្លងផ្លូវ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៣ និង៤៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខវិទ្យាល័យកំពង់ក្តី ស្ថិតក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រីសុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹថា ជនរងគ្រោះបើកបរម៉ូតូឈ្មោះ លន់ ហេងឡុងភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានៅឡើយ ។
លោកបានបន្ដថា ម៉ូតូជនរងគ្រោះត្រូវបានរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡារីតា បើកបុកទាំងកម្រោល ។ រថយន្ដនោះពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AD:៤៤០១ បើកពីលិចទៅកើត ដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូជនងរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AD:១៩៥០ ជិះឆ្លងកាត់ផ្លូវជាតិលេខ៦ ពីត្បូងទៅជើងតែម្នាក់ឯង បណ្ដាលឲ្យរងរបួសធ្ងន់ ដោយបាក់ដៃ និងបាក់ជើងខាងឆ្វេង ហើយត្រូវបានដឹកយកទៅជួយសង្គ្រោះភ្លាមៗ ។
លោកអធិការនគរបាលស្រុកបានបន្តឲ្យដឹងទៀតថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនឈ្មោះស៊ឹម រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុណនថៃ ឃុំត្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលជាអ្នកបើកបរនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ៕ ជានិរន្ដរ៍