ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើខេត្តពោធិ៍សាត់នៅតែកើតមាន

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែងខេត្តពោធិ៍សាត់ នៅតែបន្តកើតមានមិនឈប់ឈរ បើទោះបីជាតំបន់នោះ ជាតំបន់ការពារក៏ដោយ ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈើធំៗ បានប្រើប្រាស់រថយន្តរាប់សិបគ្រឿងចូលទៅដឹកជញ្ជូនឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ។ ការដឹកជញ្ជូនឈើបានដំណើរការក្រោមក្រសែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ។

គេនិយាយថា លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាអ្នកផ្តល់ឱកាសឲ្យឈ្មួញធ្វើសកម្មភាពនៅតំបន់ព្រៃការពារ ។ មន្ត្រីបរិស្ថាននៅតំបន់ការពារស្ថិតក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ និងជាប់ផ្នែកខ្លះក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងឃុបឃិតគ្នាជាប្រព័ន្ធក្នុងការអនុញ្ញាតឲ្យមានបទល្មើសព្រៃឈើកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ មន្ត្រីបរិស្ថានស្ថិតក្រោមឱវាទលោក ប៉ាន់ មរកត សុទ្ធតែទទួលបានផលប្រយោជន៍ពីពួកឈ្មួញ ។ រីឯលោក ប៉ាន់ មរកត ក៏ទទួលបានកញ្ចប់ធំៗពីពួកឈ្មួញទាំងនោះដែរ ។

ឈ្មួញធំៗដែលកំពុងបន្តសកម្មភាពដឹកជញ្ជូនឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានដូចជាឈ្មោះ សម្បត្តិ, ខ្នា, ហេង, ហយ និងឈ្មោះ ង៉ូវ ទី ជាដើម ។ ឈ្មួញល្បីឈ្មោះទាំងអម្បាលម៉ានខាងលើនេះ ជាប្រភពហិរញ្ញវត្ថុដ៏ធំសម្បើមរបស់លោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តនេះខ្សឹបខ្សៀវថា ចំណូលដែលបានមកពីអំពើពុករលួយមិនដែលឃើញលោក ប៉ាន់ មរកត ចែករំលែកឲ្យកូនចៅនៅក្នុងមន្ទីរបានលិឍគ្រាន់នឹងប្រៃមាត់ខ្លះផងនោះទេ ។

លោក ប៉ាន់ មរកត ត្រូវគេអះអាងថា ទទួលបានសំណែនជាច្រើនពីពួកឈ្មួញរកស៊ីឈើនៅតំបន់ហាមឃាត់ ។ គេខ្សឹបខ្សៀវថា ជួនកាលលោក ប៉ាន់ មរកត យកឈ្មោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ទៅកំញើញគំរាមឈ្មួញទាំងនោះទៀតផង ។ គេមិនដឹងថា តើរដ្ឋមន្ត្រីក្រសួងបរិស្ថានមានជាប់ជំពាក់នឹងផលប្រយោជន៍ជាមួយលោកប៉ាន់ មរកត ដែរឫយ៉ាងណានោះទេ? ប៉ុន្តែជាទូទៅ លោកប៉ាន់ មរកត មិនញញើតនរណាសោះ ទាំងមន្ត្រីថ្នាក់ក្រសួង និងអាជ្ញាធរខេត្ត ៕

ki-posat1


ចែករំលែក៖