កាលពីថ្ងៃទី១៦ ខែវិច្ឆិកា រុស្ស៊ីបានប្រកាសថា នឹងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC តាមការបញ្ជារបស់ប្រធានាធិបតី ពូទីន។
ដើម្បីបញ្ជាក់ពីសកម្មភាពខាងលើ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ICC មិនបានបំពេញកាតព្វកិច្ចជាតុលាការអន្តរជាតិឯករាជ្យ មានសិទ្ធិអំណាចពេញលេញ ។ តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ICC ខ្វះប្រសិទ្ធភាព ដោយបានចេញសេចក្តីសម្រេចបានតែ៤ប៉ុណ្ណោះ ក្នុងរយៈ១៤ឆ្នាំ ដែលបានចំណាយប្រាក់អស់ជាង១ពាន់លានដុល្លារ ។
ភាគីរុស្ស៊ី ក៏បានថ្កោលទោសដល់សេចក្តីសម្រេចរបស់ ICC ស្តីអំពីសង្គ្រាមរយៈពេល៥ថ្ងៃ រវាងរុស្ស៊ី នឹងប្រទេសជិតខាង Georgia កាលពីឆ្នាំ២០០៨ ។ រុស្ស៊ីបង្ហាញការខកចិត្តនៅពេលដេល ICC មានសកម្មភាពបែបនេះ ។
ការសម្រេចខាងលើរបស់រុស្ស៊ី កើតឡើងក្រោយពេលដែល ICC បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថ្កោលទោសរុស្ស៊ី គ្រប់គ្រងតំបន់គ្រីមៀ របស់អ៊ុយក្រែន ដែលរុស្ស៊ីដាក់បញ្ចូលនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ ។ ក្រៅពីនេះ ការសម្រេចដកខ្លួនចេញពី ICC របស់រុស្ស៊ី កើតឡើងក្រោយពេលដែលប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូឡែន បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្កូ បានបំពាន់លើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសស៊ីរី ដោយសារតែទាហានរុស្ស៊ីបានវាយប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។
ប្រធានាធិបតីពូទីន បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ក្រោយពេលប្រធានាធិបតីបារំាង បញ្ជាក់នៅតាមកញ្ជក់ទូរទស្សថា អ្នកដែលនៅពីក្រោយការទម្លាក់គ្រាប់បែកក្នុងទីក្រុងអាឡែប៉ូ ប្រទេសស៊ីរី «សម្តៅរុស្សី» ជាអ្នកប្រព្រិតបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ហើយត្រូវកាត់ទោសនៅក្នុងតុលាការ ICC ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រុស្ស៊ី និងរដ្ឋាភិបាលស៊ីរី ចាប់ផ្តើមបើកការវាយប្រហារ ទៅលើទីតាំងនានា នៅក្នុងប្រទេសស៊ីរីសម្លាប់មនុស្សជាច្រើន ។
តាមបទបញ្ជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រធានាធិបតីពូទីន បានចេញបញ្ចាឲ្យក្រសួងការបរទេស ប្រកាសឲ្យអង្គការសហប្រជាជាតិបានដឹងថា រុស្ស៊ីមិនស្ថិតនៅសិន្ធិសញ្ញាបង្កើត ICCទៀតឡើយ ។ រុស្ស៊ីបានចុះហត្ថលេខាទៅលើសិន្ធិសញ្ញាខាងលើកាលពីឆ្នាំ២០០០ ប៉ុន្តែមិនបានអនុម័តនោះឡើយ ។
ICC មានសមាជិក១២៣ប្រទេស ។
កន្លងមកអាមេរិកក៏បានចុះហត្ថលេខាលើសិន្ធិញ្ញានោះដែរ ប៉ុន្តែមិនអនុម័តនោះឡើយ ។ តុលាការ ICC មានសិទ្ធិកាត់ក្តី៤ប្រភេទ គឺ ការសម្លាប់រង្គាល , បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, បទល្មើសឈ្លានពាន និងបទល្មើសសង្គ្រាម ៕ ម៉ែវ សាធី