ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកបុកម៉ូតូបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់២នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តឡិចស៊ីស សេរីទំនើប១គ្រឿង ដែលម្ចាស់រថយន្ត ឈ្មោះ ធី បើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក រីឯម្នាក់ទៀតរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលំ ក្រាលបេតុង ត្រង់ចំណុចក្នុងបរិវេណបូរីខេធីអេច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលចរាចរណ៍បានប្រាប់ថា អ្នកបើកបររថយន្តបង្ក ឈ្មោះ ធី ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ចំណែកជនរងគ្រោះដែលស្លាប់ ឈ្មោះ ហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហូលីដេ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមានដឹកមនុស្សម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសផងដែរ ។

ប្រភពបន្តថា មុនពេលកើតហេតុ ម៉ូតូ១គ្រឿង ម៉ាកហុងដា ស្គុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១K-៧៥០២ បើកបរដោយឈ្មោះ ហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហូលីដេ បានបើកបរ ក្នុងគោលដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២U-៥៧៩៧ បើកបរដោយបុរសមិនទាន់ស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង ល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូខាងលើបណ្តាលគ្រោះថ្នាក់តែម្តង ហើយអ្នកបើបររថយន្តបង្កបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបន្តថា ក្រោយពីកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានកម្លាំងជួយអន្តរាគមន៍ ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែជាអកុសល ជនរងគ្រោះ ឈ្មោះ ហុង បានស្លាប់នៅមន្ទីរពេទ្យ ចំណែកអ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់ ។

រីឯម៉ូតូ និងរថយន្តខួចខាតយ៉ាងដំណំ ហើយក្រោយពីវាស់វែងរួច កម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល ប៉ោយប៉ែត រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា

as-3 as as-1 as-2


ចែករំលែក៖