ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណយុវជនធ្លាក់ពីលើផ្ទះជុងនឹងរបងស្លាប់នោះហើយ

ចែករំលែក៖

ភ្នំពេញ៖ កាលពីប៉ុន្មានមុនមានការភ្ញាក់ផ្អើលអំពីយុវជនម្នាក់ធ្លាក់ពីលើផ្ទះ ជុងនឹងរបងផ្ទះស្លាប់ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ ឆៃ សុភាព ហៅពៅ អាយុ២២ឆ្នាំ មានមុខរបរជាជាងកាត់ដេរ ស្នាក់នៅជាមួយបងប្អូនក្នុងខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា យុវជនរងគ្រោះជាមួយនឹងមិត្តភក្តិឈ្មោះ គន់ ពិសិដ្ឋ មានស្រុកកំណើតនៅភូមិ ឃុំជាមួយគ្នា បានជិះម៉ូតូពីស្រុកកំណើតមកភ្នំពេញ ។ ពេលមកដល់ភ្នំពេញ ពួកគេបានយកខោ អាវទៅផ្ញើនឹងផ្ទះបងប្អូននៅឯខណ្ឌច្បារអំពៅ ហើយក៏ជិះម៉ូតូឌុបគ្នាចេញបាត់ទៅ ។ មុននឹងចេញពួកគេបានប្រាប់ម្ចាស់ផ្ទះនោះថា នឹងទៅសង្កាត់ភ្នំពេញថ្មី ។

បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារយុវជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមិនមែនជាអ្នកញៀនថ្នាំនោះទេ ។ គេជាយុវជនដែលមានការងារធ្វើត្រឹមត្រូវ ហើយបានចំណាយពេលវេលាទៅលេងស្រុកកំណើតយ៉ាងយូរជាមួយមិត្តភក្តិ ។ នៅឯស្រុកកំណើតនោះ ពុំមានការជួញដូរថ្នាំញៀននោះទេ ។

ក្រុមគ្រួសារជនរងគ្រោះឆ្ងល់ថា ពួកគេទាំងពីរនាក់ជាមិត្តភក្តិដែលជិតស្និទ្ធ ប៉ុន្តែនៅគ្រាដែលយុវជន ឆៃ សុភាព ជួបគ្រោះថ្នាក់រហូតដល់ស្លាប់នោះ យុវជនគន់ ពិសិដ្ឋ ឆ្លើយថា មិនដឹងអ្វីទាំងអស់ ។ ឥឡូវនេះ ឈ្មោះ គន់ ពិសិដ្ឋ បានបិទទូរស័ព្ទ ហើយមិនដឹងថា នៅឯណា ។ គេមិនដឹងថា តើមានបញ្ហាអ្វីពាក់ព័ន្ធនឹងការស្លាប់របស់យុវជន ឆៃ សុភាព នោះទេ បានជាគន់ ពិសិដ្ឋ បិទទូរស័ព្ទ ហើយគេចខ្លួនបាត់នោះ ៕ នួន នរិន្ទ្រន៍

87


ចែករំលែក៖