ខេត្តកំពង់ចាម៖ ស្ទើរតែសុះដីទៅហើយ ការជីករណ្តៅ បើមើលពីលើមេឃ ដូចរន្ធបាយខុំ ។ នោះគឺជារណ្តៅដី ដែលនៅជិតភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ឈ្មួញកំពុងសម្រុកជីកយកអាចម៍ដីរាប់រយរាប់ពាន់រថយន្ត ។ អាជ្ញាធរស្រុកកំពង់សៀម ក៏ដូចជាខេត្តកំពង់ចាមយល់ថា ការអភិវឌ្ឍវាតែងតែមានរណ្តៅដីជ្រៅៗយ៉ាងដូច្នេះចៀសមិនរួច ។ ប៉ុន្តែប្រជាពលរដ្ឋនិយាយថា រណ្តៅដីជ្រៅៗទាំងនោះ មានលាយឡំដោយអំពើពុករលួយរវាងឈ្មួញ នឹងអាជ្ញាធរ ។
លោកតាអាចារ្យនៅវត្តភ្នំប្រុសមួយរូបបាននិយាយថា កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនមួយបានយកសំរាមទៅចាក់ក្បែរជើងភ្នំបណ្តាលឲ្យធុំក្លិនស្អុយ ពិបាកក្នុងការរស់នៅ ។ ពេលលោកឆាន់ ឬពេលលោកតាអាចារ្យ ក៏ដូចជាកូនសិស្សលោកទទួលទានអាហារម្តងៗ ប្រឈមនឹងការលំបាកជាខ្លាំង ព្រោះសម្បូរណ៍រុយមកទំចំណីអាហារ ។ នៅពេលដែលប្រជាពលរដ្ឋប្តឹងអំពីបញ្ហានេះ ទើបក្រុមហ៊ុននោះលែងចាក់សំរាម ។
ពាក់ព័ន្ធនឹងការជីករណ្តៅដីនេះ ត្រូវបានប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានអះអាងថា ប្រជាពលរដ្ឋដែលមានដីនៅក្បែរជើងភ្នំបានលក់ដីទៅឲ្យឈ្មួញ ហើយពួកឈ្មួញក៏បានជីកយកអាចម៍ដីទៅលក់បន្ត ។ អាចម៍ដីត្រូវការជាច្រើនសម្រាប់ការអភិវឌ្ឍនៅខេត្តកំពង់ចាម ដូច្នេះឈ្មួញបង្ខំចិត្តត្រូវជីករណ្តៅដីនោះឲ្យជ្រៅដើម្បីបានអាចម៍ដីច្រើន ។ យ៉ាងណាក៏ដោយ រណ្តៅដីនោះមិនស្ថិតនៅក្នុងប្លង់វត្តទេ គឺត្រូវបានខ័ណ្ឌដោយផ្លូវរទេះមួយ ។ ការជីករណ្តៅដីនេះ ត្រូវគេអះអាងថា អាជ្ញាធរមិនអាចហាមឃាត់បានទេ ព្រោះដីនោះ ឈ្មួញបានទិញពីប្រជាពលរដ្ឋដោយត្រឹមត្រូវ ហើយក៏មិនជាប់នឹងរបងវត្តដែរ ។
អភិបាលស្រុកកំពង់សៀម លោកស្រី ស្រី គឹមឆយ បានទទួលស្គាល់អំពីការជីករណ្តៅដីនៅក្បែរនឹងជើងភ្នំប្រុសមានជម្រៅជ្រៅនោះមែន ប៉ុន្តែថា នឹងបញ្ជូនមន្ត្រីឲ្យទៅពិនិត្យមើល ។ ក្រោយការពិនិត្យ គេសង្កេតឃើញថា ទីតាំងរណ្តៅដីរបស់ឈ្មោះ ឈឿន គឺបានហួសកិច្ចសន្យាជាមួយអាជ្ញាធរ ដែលច្បាប់កំណត់ថា គឺជីកជម្រៅតែ៥ម៉ែត្រ ប៉ុន្តែការពិត រណ្តៅដីនេះជ្រៅជិត១០ម៉ែត្រ ។ លោកស្រីអភិបាលស្រុកបានប្រដូចពួកឈ្មួញទៅនឹងសត្វរុយ ពោលគឺបើមានចន្លោះប្រហោង គឺរុយទៅទំហើយពងដាក់ជាមិនខាន ។
ប្រជាពលរដ្ឋនៅតំបន់នោះ និយាយថារណ្តៅដីជ្រៅៗប្រឈមនឹងហានិភ័យ ដែលបង្កគ្រោះថ្នាក់ដល់ស្រែពួកគាត់នៅជិតៗនោះ ។ អ្នកខ្លះនិយាយថា កុំថាឡើយមនុស្ស សូម្បីតែសត្វ ប្រសិនបើធ្លាក់ចូលក្នុងរណ្តៅនោះពិបាកក្នុងការរើខ្លួនរួចណាស់ ។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាស្រុកកងមាស មិនបណ្តែតបណ្តោយឲ្យមានបញ្ហារណ្តៅដីជ្រៅៗបែបនេះទៀតឡើយ ៕ នួន នរិន្ទ្រន៍