ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ បានស្នើឲ្យអាជ្ញាធរថ្នាក់ជាតិជួយចាត់វិធានការ និងជួយអន្តរាគមន៍បញ្ហាផ្សេងទៀតមានដូចជា៖ ការតបណ្តាញទឹកស្អាត ការឡើងគីឡូភ្លើងអគ្គិសនី ជម្លោះដីធ្លី ការមិនទាន់មានបណ្ណកម្មសិទ្ធិគ្រប់គ្រងដីស្របច្បាប់ ជាដើម។
ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខណ្ឌនេះ បានរអ៊ូរទាំថា ពួកគាត់កំពុងជួបនូវបញ្ហាទាំងអស់នេះ ដែល មិនទាន់ដោះស្រាយបាន។
ក្នុងវេទិកាសាធារណៈរបស់ខណ្ឌដង្កោ ដែលរៀបចំឡើងដោយបានការចូលរួមពីគណៈពង្រឹងមូលដ្ឋាន និងលោកស្រី ម៉ក់ វណ្ណស៊ី អភិបាលរងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា តំណាងប្រជាពលរដ្ឋតាមសង្កាត់នីមួយៗទូទាំងខណ្ឌ បានលើកឡើងនូវបញ្ហាជាច្រើនដូចជា៖ មិនទាន់មានទឹកស្អាតប្រើប្រាស់ ,ការឡើងគីឡូភ្លើងអគ្គិសនី ,ជម្លោះដីធ្លី, មិនទាន់មានបណ្ណកម្មសិទ្ធិគ្រប់គ្រងដីស្របច្បាប់ ,ការលែងគោឲ្យដើរ ស៊ីដំណាំគេឯង យ៉ាងអនាធិបតេយ្យ , ផ្លូវផ្នល់ក្នុងមូលដ្ឋាន ,ការងារអប់រំ ជាដើម។
ក្នុងចំណោមប្រជាពលរដ្ឋដែលបានឡើងសំណូមពរ និងចោទជាសំណួរផ្ទាល់ចំនួន១៨នាក់ ពួកគាត់បានលើកឡើងថា ក្នុងមូលដ្ឋានរបស់ពួកគាត់បាននឹងកំពុងជួបបញ្ហានៃការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដោយសារនៅថ្នាក់មូលដ្ឋានមិនអាចដោះស្រាយបាន។
លោកស្រី ម៉ក់ វណ្ណស៊ី បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធតាមជំនាញដោះស្រាយនូវបញ្ហាដែលបានលើកឡើងមកនេះ។ លោកស្រីអភិបាលរង មានប្រសាសន៍ថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែទទួលបានការដោះស្រាយ និងឆ្លើយតប ហើយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបញ្ចូលសំណើក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ លោកស្រី ម៉ក់ វណ្ណស៊ី បញ្ជាក់ថា ៖ រាល់សំណើរបស់ពលរដ្ឋខ្លះ ដែលអាចដោះស្រាយនៅមូលដ្ឋានបាន គឺត្រូវដោះស្រាយ ដោយកុំទុកឲ្យមានបញ្ជា។ តែបើមិនអាចដោះស្រាយនៅមូលដ្ឋាន គឺត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយ តាមគម្រោងអាទិភាព ។
លើបញ្ហាលែងគោឲ្យដើរស៊ីយ៉ាងអនាធិបតេយ្យ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានបើកភ្លើងខៀវឲ្យប្រជាពលរដ្ឋចាប់គោនោះទុកចិញ្ចឹមផ្ទាល់ខ្លួន ឬយកទៅឲ្យកងទ័ព ដោយលោកជាអ្នកទទួលខុសត្រូវ ចំពោះការប្តឹងផ្តល់នានាពីម្ចាស់គោ។
ដោយឡែក បញ្ហាបណ្តាញទឹកស្អាត ត្រូវបានតំណាងរដ្ឋាករទឹកស្វយ័តភ្នំពេញ បញ្ជាក់ថា កំពុងសិក្សាលើតំបន់ដែលមិនទាន់មានដល់ ខណៈតំបន់មួយចំនួនត្រូវបានភ្ជាប់បណ្តាញរដ្ឋរួចរាល់ហើយ។ ចំណែកជំនាញនៃអង្គភាពផ្សេងទៀត សន្យាពិនិត្យលើការងារពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋ៕ សំរិត