ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ អនុវត្តន៍តាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តរតនគិរីស្ទាក់ចាប់រថយន្តកាមរីកែឆ្នៃកាត់គូតបង្កប់ដឹកឈើប្រណិតលោតឆ័តមួយគ្រឿងខណៈបំរ៉ុងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម ។
សេចក្ដីរាយការណ៍អះអាងថាកម្លាំងសមត្ថកិច្ចមានអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាលការពារព្រំដែន នៅវេលាម៉ោង១និ៥០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦បាន ស្ទាក់ចាប់រថយន្តកាមរីដឹកឈើប្រណីតមួយគ្រឿងនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញៃស្រុកអូរយ៉ាដាវ ខេត្តរតគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ស្របពេលសកម្មភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនោះ ស្រាប់តែមានរថយន្តខាងលើហ៊ានបន្តដឹកឈើប្រណីតបម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។
បច្ចុប្បន្នរថយន្តដឹកឈើ ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ចំណែកឯឈើសមត្ថកិច្ចជំនាញមិនទាន់វាស់វែងនៅឡើយនោះទេ ៕ វុទ្ធឦសាន