ខេត្តព្រះសីហនុ៖ អំណាចស្រាបានធ្វើឲ្យមន្ត្រីថ្នាក់ខ្ពស់ម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លែងដឹងខុសត្រូវ ក្នុងករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ មហាជនកំពុងរង់ចាំមើលថា តើស្នងការនគរបាលខេត្តព្រះសីហនុចាត់ការកូនចៅរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋមើលជាគំរូយ៉ាងដូចម្តេចទៅ?
នោះគឺករណីដែលលោកចៅ ម៉េង នាយការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបើករថយន្តទាំងស្រវឹងជោកជាំទៅបុកម៉ូតូជនបរទេស ហើយមិនព្រមចេញមុខទទួលខុសត្រូវនោះទេ បែរជាប្រឹងបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបានចម្ងាយ១គីឡូម៉ែត្រ ក៏ទៅបុកការដ្ឋានដែលកំពុងសាងសង់រង្វង់មូលត្រីដូលហ្វីន ទើបទៅមុខលែងរួច ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និងស៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចជិតផ្ទះពស់ ស្ថិតក្នុងភូមិលេខ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយលោកចៅ ម៉េង បើករថយន្ត១គ្រឿងម៉ាកហាយឡេនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ២A-៣៧៨៧ បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុក ម៉ូតូមួយគ្រឿងម៉ាក អ៊ែរប្លែក ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ បើកបរដោយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Yufuf Chandra អាយុ២៧ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ រួមដំណើរជាមួយបុរសម្នាក់ទៀត ដែលជាជនជាតិឥណ្ឌូនេស៊ីដូចគ្នាបណ្តាលឲ្យយុវជនជនជាតិឥណ្ឌូនេស៊ីទាំង២នាក់រងរបួសមធ្យម ។
បន្ទាប់ពីបុកជនជាតិឥណ្ឌូនេស៊ីនេះហើយ លោកចៅ ម៉េង ដែលមានជាតិស្រវឹងខ្លាំងក្នុងខ្លួន ក៏បានបួងចង្កូតគេចចេញពីកន្លែងកើតហេតុ ហើយបន្ថែមល្បឿនរថយន្តបានប្រហែល១៣០០ម៉ែត្រ ក៏បានទៅបុកការដ្ឋានរង្វង់មូលត្រីដូលហ្វីននៅផ្លូវឯករាជ្យ ក្បែរស្នងការដ្ឋាននគរបាលខេត្តបណ្តាលឲ្យរថយន្តដាច់កង់ទៅមុខលែងរួច ពេលនោះលោកចៅ ម៉េងក៏បានបើកទ្វាររថយន្តគេចខ្លួនបាត់ភ្លាមៗដែរ ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការដែលស្គាល់លោកចៅ ម៉េង និយាយថា ជាទម្លាប់ មន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តព្រះសីហនុម្នាក់នេះ មិនមែនជាអ្នកដែលចេះទទួលខុសត្រូវនោះទេ ។ ដូច្នេះគេរង់ចាំមើលថា តើស្នងការនគរបាលខេត្តចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទរូបនេះដើម្បីឲ្យជាគំរូដល់ប្រជាពលរដ្ឋយ៉ាងដូចម្តេច? ។ ករណីនេះកំពុងតែធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្នកខ្លះស្នើឲ្យអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃចាត់វិធានការចំពោះមន្ត្រីបែបនេះដើម្បីកុំឲ្យជះឥទ្ធិពលមិនល្អដល់មន្ត្រីឯទៀត ៕ នួន នរិន្ទ្រន៍