ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាអនុវត្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះ កៅ វុទ្ធី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងមានស្រុកកំណើតខេត្តកំពង់ចាម ។
សមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះពិនិត្យដល់កន្លែងកើតហេតុ បន្ទាប់ពីការភ្ញាក់ផ្អើល និងរាយការណ៍ជូនដំណឹងពីប្រជាពលរដ្ឋ ។ ជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានបាត់បង់ជីវិតពិតប្រាកដមែន ប៉ុន្តែមិនមែនជាករណីឃាតកម្មនោះឡើយ ដោយគេសង្ស័យថា ជាករណីខ្យល់គរ ។
ប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុនិយាយថា ជនរងគ្រោះជាមនុស្សញៀនសុរា បាយមិននឹក ទឹកមិនស្រេក ហើយនៅថ្ងៃកើតហេតុ គឺយប់ថ្ងៃទី១៧ ខែវិច្ឆិកា តំបន់ខាងលើមានភ្លៀងធ្លាក់ខ្លាំង ដែលករណីនេះគេសង្ស័យថា ជនរងគ្រោះផឹកស្រាស្រវឹងខ្លាំងពេក អាចបង្កឲ្យមានខ្យល់គរ ហើយស្លាប់តែម្តង ៕ មាស សុផាត