ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពប្រឡងសិល្បៈកំណាព្យនិងចម្រៀងខ្មែរជាសាកលបើកជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងថ្នាក់ជាតិមានឈ្មោះថាមហោស្រពសិល្បៈកំណាព្យនិងចម្រៀងខ្មែរជាសាកលលើកទី៤ឆ្នាំ ២០១៦បានឈានដល់វគ្គប្រកួតជម្រុះ ដំណាក់កាលទី១ដែលមានបេក្ខជនបេក្ខនារីមកពីគ្រប់ខេត្តក្រុងជាពិសេសក៏មាន បងប្អូនខ្មែរអាណិកជនរបស់ប្រទេសមួយចំនួនចូលរួមដែរ។ការប្រកាសបើកជាផ្លូវការត្រូវបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នាសាលមហោស្រពចេនឡារាជធានីភ្នំពេញដោយមាន វត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងមន្ត្រីជាសមាជិក គណៈកម្មការអន្តរក្រសួងនិង មហាជនជាច្រើនកុះករ។

លោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈបានមានប្រសា សន៍ថា មហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលលើកទី៤ឆ្នាំ២០១៦នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីចូលរួមថែរក្សាការពារលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណនិងសម័យដែលជាផ្នែកសំខាន់មួយនៃសិល្បៈវប្បធម៌ជាតិ។ លោកបានបន្តទៀតថាដោយឡែកការរៀបចំនេះគណៈកម្មការអន្តរក្រសួងបានសម្រេចជ្រើសរើសយកវិញ្ញាសាចំនួន៤មានស្មូតឬសូត្រកំណាព្យ ចម្រៀងប្រពៃណី ចម្រៀង បាសាក់ និងចម្រៀងខ្មែរសម័យដើមក្នុង ទសវត្សទី៥០ដល់៧០។

ចំពោះដំណើរការជ្រើសរើសបេក្ខជនទាំងអស់បានប្រព្រឹត្តទៅជាដំណាក់កាលៗ ដើម្បីឈានដល់វគ្គប្រឡងផ្តាច់ព្រ័ត្រនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ដែលមានសកម្មភាពជាបន្តបន្ទាប់។ដំណាក់កាលទី១គឺប្រឡងជ្រើសរើសបេក្ខជនទាំងអស់នៅតាមរាជធានីខេត្តបានប្រព្រឹត្តទៅចន្លោះពីខែកក្កដាដល់ខែសីហា ឆ្នាំ២០១៦។ លោកបញ្ជាក់ ថាជាលទ្ធផលគណៈកម្មការបានជ្រើស រើសបេក្ខនារីជ័យលាភីចំនួន១២៩រូប(បុរស៧៥រូប នារី៥៤ រូប)លើ៤វិញ្ញាសាក្នុងនោះវិញ្ញាសាស្មូត កំណាព្យ២៥រូប ចម្រៀង ប្រពៃណី៤១រូប ចម្រៀងបាសាក់១៨រូប និងចម្រៀងសម័យ៤៥រូបដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពថ្នាក់ជាតិនាឱកាសនេះ។ សម្រាប់ជំហានបន្តការប្រឡងជ្រើសរើសបេក្ខជនបេក្ខនារីនៅក្រៅប្រទេសត្រូវបានប្រព្រឹត្តទៅតាមរយៈការដាក់ពាក្យ ប្រឡងនិងផ្ញើបទចម្រៀងតាមគេហទំព័រឬ តាមបណ្តាញសង្គមហ្វេសបុករបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈដើម្បីឲ្យគណៈកម្មការមេប្រយោគនៃគណៈកម្មការអន្តរ ក្រសួង ពិនិត្យវាយតម្លៃនិងសម្រេចជ្រើសរើស។

ស្របពេលជាមួយគ្នានេះក្រសួងក៏បានជ្រើសរើសបង្កើតគណៈកម្មការរៀបចំ មហោស្រពនៅក្រៅប្រទេសមួយចំនួន ដើម្បីបានជួយផ្សព្វផ្សាយសម្របសម្រួលនិងរៀបចំការប្រឡងជ្រើសរើសបេក្ខជនបេក្ខនារីខ្មែរនៅក្រៅប្រទេស។ជាលទ្ឋផលបឋមលេខាធិការដ្ឋានអចិន្ត្រៃយ៍ទទួលបានបញ្ជីឈ្មោះបេក្ខជនបេក្ខនារីជ័យលាភីចំនួន១៩រូប (បុរស១៣រូប នារី៦រូប)ក្នុងនោះ មកពីសហរដ្ឋអាមេរិក១២រូប បារាំង៣រូប អូស្ត្រាលី២រូបនិងកាណាដា២រូប។

ដំណើរការប្រឡងថ្នាក់ជាតិក្នុងមហោស្រពសិល្បៈកំណាព្យនិងចម្រៀងខ្មែរជាសាកលលើកទី៤ឆ្នាំ២០១៦នៅរាជធានី ភ្នំពេញចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០១៦ដែលមាន៣ដំណាក់ កាល។ ដំណាក់កាលទី១នេះនឹងចាប់ដំណើរ ការពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅសាល មហោស្រពចេនឡាសម្រាប់តែបេក្ខជនបេក្ខ នារីក្នុងប្រទេសដែលមានចំនួន១២៩រូប។

ផ្អែកតាមនីតិវិធីរបស់អនុគណៈកម្មការមេប្រយោគនឹងជម្រុះបេក្ខជនបេក្ខនារីចំនួន៥៨រូបនិងរក្សាទុក៧១រូប។ដំណាក់កាលទី២គឺជា វគ្គប្រឡងជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ដំណើរការពីថ្ងៃសុក្រទី២៥ ដល់ ថ្ងៃអង្គារទីទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅសាលមហោស្រពចេនឡាដោយមានការចូលរួមពីបេក្ខជនបេក្ខនារីក្នុងប្រទេសចំនួន ៧១រូបដែលជាប់ក្នុងវគ្គជម្រុះលើកទី១រួមជាមួយបេក្ខជនបេក្ខនារីមកពីក្រៅប្រទេស ចំនួន១៩រូបសរុប៩០រូប។

គណៈកម្មការមេប្រយោគនឹងជម្រុះចំនួន៣៩រូបដោយរក្សាទុក៥១រូប។ដំណាក់កាលទី៣គឺ វគ្គប្រឡងផ្តាច់ព្រ័ត្រចាប់ដំណើរការពីថ្ងៃព្រហស្បតិ៍ទី១ដល់ទី២ ខែធ្នូ ឆ្នាំ២០១៦នៅមហោស្រពចេនឡាដែលវគ្គចុងក្រោយដើម្បីជ្រើសរើសយកជ័យលាភីចំនួន២៤ រូបដែលមានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣បុរសនារីលើ៤វិញ្ញាសានិងរង្វាន់លួងចិត្តចំនួន១២រូបផងដែរ។

ដោយឡែកក្រោយបិទមហោស្រពនិងប្រកាសជ័យលាភីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរទី៣ ខែធ្នូឆ្នាំ២០១៦នៅសាលមហោ ស្រពកោះពេជ្រ៕ វឌ្ឍនា

 

img_8103
img_7840 img_7952


ចែករំលែក៖