សារព័ត៌មានABC News បានផ្សាយថា អ្នកដំណើរ៤១នាក់ត្រូវបណ្តេញចេញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Brussels Airlines កាលពីថ្ងៃតី២០ខែវិច្ឆិកា ដោយសារតែមានសកម្មភាព អុកឡុកនៅលើយន្តហោះ និងគំរាមកំហែងទៅលើក្រុមអាកាសយានិក។
អ្នកដំណើរនៅលើ ជើងហោះហើរលេខ SN 3771 ហោះហើរចេញពីទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិច ទៅកាន់ទីក្រុង Alicante ប្រទេសអេស្ប៉ាញ ក្រោយពេលប្រធានអាកាសយានិក បានសម្រេចបណ្តេញអ្នកដំណើរជនបរទេស៤១នាក់ ចាកចេញពីយន្តហោះ ។ តាមប្រសាសន៍លោកស្រី Kim Daenen អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើបានបញ្ជាក់ថា មនុស្សមួយចំនួននៅលើយន្តហោះនោះស្រវឹងស្រា ។
នៅពេលដែលយន្តហោះត្រៀមលក្ខណៈហោះហើរ ក៏មានការរំខាន់ មិនព្រមរក្សាសណ្តាប់ធ្នាប់ តាមការស្នើរបស់អាកាសយានិកបតី ។ ដូច្នេះទើបសម្រេចចិត្តបណ្តេញអ្នកដំណើរទាំងអស់នោះចេញពីយន្តហោះមុនពេល ចាប់ផ្តើមហោះហើរដើម្បីសុវត្ថិភាពអ្នកដទៃ ។
ក្រោយការបញ្ជូនឲ្យចុះពីយន្តហោះ អ្នកដំណើរអុកឡុកទំាង៤១នាក់ត្រូវប៉ូលិស ក្នុងអាកាសយានដ្ឋាន ចាប់ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ។ ចំណែកឥវាន់ វ៉ាលីរបស់អ្នកទាំងនោះក៏ត្រូវបានឆែកឆេរផងដែរ។ សកម្មភាពនេះបានធ្វើឲ្យជើងហោះហើរយឺត២ម៉ោងនិង៤៥នាទី ចំណែកអ្នកបើកបរក៏ត្រូវបានផ្លាសប្តូរផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍មិនបានបញ្ជក់ពីអត្តសញ្ញាណអ្នកដែលអុកឡុកនោះឡើយ ចំណែកជនជាតិប៊ែលហ្សិចមិនមាននៅក្នុងចំណោមអ្នកខិលខូចទាំងនោះឡើយ ៕ ម៉ែវ សាធី