ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តទេសចរណ៍បុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវរថយន្តប្រភេទទេសចរណ៍បុកបញ្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ១ នៅចំនុចភូមិគោគកណ្តោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះគី គង់ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ ចំពោះអ្នកបើករថយន្តប្រភេទទេសចរណ៍ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈក្រោយកើតហេតុ ដោយឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តនៅនឹងកន្លែង។

តាមអ្នកភួមិបានប្រាប់ថា មុនពេលកើតហេតុ មានបុរសម្នាក់បានបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ៥០ ពណ៍ទឹកសមុទ្រ ពាក់ស្លាកលេខ សេរីចាស់ ភ្នំពេញ ១-១១៦៤ ធ្វើដំណើរលើផ្លូវជាតិលេខ១ ពីកើតមកលិច ហើយក៏បានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នមិនមើលឆ្វេងស្ដាំ ខណៈនោះ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៍ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៦៣០៩ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចមកកើត បញ្រាសគ្នា ក៏បុកពេញទំហឹងលាន់សូរដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសសដោយមុខរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ ។

សាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបន្តថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់នេះ ដោយសារអ្នកបើកម៉ូតូខ្វះការប្រុងប្រយ័ត្ន។

ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន

1 2


ចែករំលែក៖