សារព័ត៌មានCNNបានដកស្រង់សម្តី មន្ត្រីទីក្រុងញូវយ៉កអាមេរិកបញ្ជាក់ថា ដើម្បី ការពារសន្តិសុខសុវត្ថិភាពដល់ប្រធានាធិបតីទើបតែជាប់ឆ្នោតដូណាល់ត្រាំ និង គ្រួសារគឺត្រូវចំណាយប្រាក់ប្រមាណ១លាន ដុល្លារក្នុងមួយថ្ងៃ។
ប្រាក់សម្រាប់ការពារសន្តិសុខនោះក៏ មិនថយចុះដែរនៅពេលដែលលោកត្រាំ ចូលទៅរស់នៅក្នុងសេតវិមាន។ ដោយ សារតែភរិយាលោកត្រាំគឺលោកស្រី Malenia Trump ព្រមទាំងកូនប្រុសអាយុ១០ឆ្នាំ ឈ្មោះ Barron បន្តរស់នៅក្នុងអគារ Trump រហូតដល់ កូនបញ្ចប់ឆ្នាំសិក្សាសិនទើបទៅរស់នៅជាមួយស្វាមី។ ចំណែក លោកត្រាំក៏បានបញ្ជាក់ថា លោកនឹងទៅ ផ្ទះជាញឹកញាប់មើលប្រពន្ធកូន។
លោកJohn Miller អនុប្រធានក្រុម ចារកិច្ច និងប្រឆាំងភេរវកម្មមកពីស្នងការ ប៉ូលិសទីក្រុងញូវយ៉កបញ្ជាក់ថា ក្នុង ចំណោមប្រាក់ចំណាយ១លានដុល្លារក្នុងមួយថ្ងៃនោះ គឺមានទាំងក្រុមការពារសម្ងាត់ ការពារកូនប្រុសធំ និងចៅរបស់លោក ដូណាល់ ត្រាំផងដែរ។ កូនចៅលោក ដូណាល់ ត្រាំគឺរស់នៅក្នុងទីក្រុងញូវយ៉ក ហើយទទួលបានសិទ្ធិការពារពារក្រុមសន្តិសុខ។
អភិបាលក្រុងញូវយ៉កលោក Bill De Blasio បញ្ជាក់ថា អាទិភាពជាចម្បងនោះគឺ សន្តិសុខ សុវត្ថិភាពគ្រួសារប្រធានាធិបតីទើបជាប់ឆ្នោត។ ប៉ុន្តែក្រុមសន្តិសុខត្រូវការ ប្រាក់បន្ថែមទៀតដើម្បីផ្តល់ឲ្យកម្លាំងការពារដែលធ្វើការលើសម៉ោង។ សកម្មភាព ការពារប្រធានាធិបតី គឺត្រូវចំណាយមនុស្ស ជាច្រើនដែលមានសមត្ថភាពខ្ពស់ និង ចំណាយប្រាក់ច្រើនផងដែរ ពិសេសគឺ ពេលប្រធានាធិបតីមានកូនចៅច្រើន គឺ ត្រូវការពារមនុស្សទាំងអស់ពេលទៅណា មកណា។
បើទោះបីតួនាទីការពារប្រធានាធិបតីចាស់ និងប្រធានាធិបតីទើបតែជាប់ឆ្នោតជាតួនាទីរបស់ក្រុមសម្ងាត់ ប៉ុន្តែក្រុមសន្តិសុខនៅក្នុងតំបន់ក៏មានតួនាទីការពារ ពិសេសពេលធ្វើដំណើរនៅទីសាធារណៈ។
ប្រធានាធិបតីអាមេរិកមានសិទ្ធិស្នើ ដល់ក្រុមសន្តិសុខក្នុងតំបន់ការពារពេលទៅផ្ទះ។ ការការពារលោក ត្រាំ គឺត្រូវ ចំណាយច្រើនដោយសារតែកន្លែងស្នាក់នៅរបស់លោកស្ថិតនៅកណ្តាលទីក្រុងញ៉ូវ យ៉កដែលមានមនុស្សច្រើន។
ចាប់តាំងពីពេលនេះរហូតដល់ថ្ងៃស្បថចូលកាន់តំណែង លោក ដូណាល់ ត្រាំ ឧស្សាហចុះឡើងនៅផ្ទះក្នុងទីក្រុងញូវយ៉ក ទាំងនោះហើយធ្វើឲ្យក្រុមការពារត្រូវរវល់ រហូត៕ ម៉ែវ សាធី