ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងម្នាក់បើករថយន្តបុកអ្នកជិះម៉ូតូផ្អើលអ្នកស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ជាមន្ត្រីរដ្ឋបាលព្រៃឈើ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង បុក និងអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៥ និង១៣៦ ស្ថិតនៅភូមិ ប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ រស់ វុទ្ធី អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។ រីឯអ្នកបើករថយន្តបង្កហេតុ មានឈ្មោះ ម៉ែន ព្រឹក អាយុ៥៤ឆ្នាំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តស្វាយរៀង មានទីលំនៅក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ។

តាមអ្នកភូមិបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត ម៉ាកកាំម៉ារី បាឡែន ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q 8819 បានបុកម៉ូតូម៉ាកហុងដាសេ125 សេរីឆ្នាំ2014 ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1D 8231  បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើតបណ្ដាលអោយរងរបួស ។

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៍ដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត រីឯវត្ថុតាងទាំង២គ្រឿង វាស់វែង និងអូសមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះមកពីអ្នកបើកបររថយន្តមិនគោរពសិទ្ធិអាទិភាព  ៕ យឹម សុថាន

ae ae-1


ចែករំលែក៖