ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅខណះផឹកស្រាស្រវឹងរហូតបាត់ស្មារតីវង្វេងវង្វាន់ផ្លោះរបងចូលទៅសម្ងំក្នុងបរិវេណផ្ទះគេ ពេលដែលម្ចាស់ផ្ទះឃើញក៏ចោទថាចោរហើយចាប់វាយឡើងទ្រោមខ្លួន។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ សំ ផេង អាយុ៣០ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅ ផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ និងមានស្រុកកំណើត ភូមិពញាលាង ឃុំព្រះស្តេច ស្រុក ព្រះស្តេច ខេត្តព្រៃវែង ។
តាមសំដីរបស់ម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបត្រឡប់មកពីបុណ្យនៅវត្តព្រៃស្ពឺ ពេលចូលមកដល់ក្នុងបរិវេណផ្ទះ ក៏ឃើញជនសង្ស័យសម្ងំដេកក្បែរតុមុខបន្ទប់ ។ ឃើញដូច្នេះ គាត់បាននាំគ្នាស្ទុះទៅចាប់ និងសួរនាំ តែជនសង្ស័យរូបនោះឆ្លើយម្តងអីចេះ ម្តងអីចុះ ធ្វើឲ្យគាត់ខឹងនិងស្មានថាជនសង្ស័យខាងលើធ្វើពុត ទើបវាយម្នាក់មួយដៃ ម្នាក់មួយជើងឡើងទ្រមខ្លួន ។ ក្រោយមកគាត់សួរម្តងទៀត តែជនសង្ស័យនៅតែឆ្លើយម្តងទៅឆ្វេង ម្តងទៅស្តាំដដែល ។ ទាល់តម្រិះ គាត់ទួរស័ព្ទប្តឹងសមត្ថកិច្ចឲ្យយកជនសង្ស័យទៅប៉ុស្តិ៍សួរនាំ ។
ក្រោយពេលនាំខ្លួនជនសង្ស័យដល់ប៉ុស្តិ៍ សមត្ថកិច្ចបានស្នើឲ្យម្ចាស់ផ្ទះមកដាក់ពាក្យបណ្តឹងដើម្បីជាបន្ទុកដាក់ទៅលើជនសង្ស័យ តែម្ចាស់ផ្ទះបាននិយាយថា មិនបាច់ទៅដាក់ពាក្យបណ្តឹងទេ គ្រាន់តែអប់រំទៅបានហើយ ។ បន្ទាប់ពីសមត្ថកិច្ចអប់រំហើយ ក៏ដោះលែងជនសង្ស័យឲ្យទៅផ្ទះវិញ តែជនសង្ស័យឆ្លើយវិញថា មិនទាន់ចង់ទៅផ្ទះទេ សុំដេកប៉ុស្តិ៍ប៉ូលិសមួយយប់សិន ៕ សុខាសែនជ័យ