ខេត្តកណ្តាល៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឯក ស៊ុនរស្មី ប្រើឆន្ទានុសិទ្ធិដោះលែងបុរសម្នាក់វាយបងបង្កើតរបស់ខ្លួនអោយស្លាប់ព្រោះ ឃាត់មិនឈ្នះពេលបងប្រុសកាប់ម្តាយ ។ ជាមួយគ្នានេះដែរ មហាជនក៏មានការសាទរចំពោះចំណាត់ការនេះ ។
បុរសម្នាក់មានជម្ងឺសរសៃប្រសាទបានធ្វើសកម្មភាពកាប់ប្រហារស្រ្ដីជាម្ដាយដោយកាំបិតបុ័ងតោ ខណៈនោះបុរសជាប្អូនឃើញហេតុការស្ទុះចូលទៅឃាត់ ក៏ត្រូវបងប្រុសកាប់បណ្ដលឲ្យរងរបួសដៃយ៉ាងធ្ងន់ ភ្លាមៗនោះប្អូនប្រុសក៏បានតបតវិញដោយដំបង បណ្ដាលឲ្យបុរសជាបងស្លាប់នៅនិងកន្លែងកើតហេតុ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។
ក្រោយពីមានហេតុការណ៏កើតឡើងស្រ្ដីជាម្ដាយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្ដិស្រុកស្អាង តែដោយសារស្ថានភាពធ្ងន់ពេក ក្រុមគ្រូពេទ្យសម្រេចបញ្ជូនបន្ដទៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។
ចំណែកឯជនដៃដល់ជាប្អូនត្រូវបានសម្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួនឈ្មោះ ហួត សុងតិច ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ចំណែកឯជនរងគ្រោះឈ្មោះ ភី សុខគីន ភេទស្រី អាយុ៦៨ឆ្នាំ ម្នាក់ទៀតឈ្មោះ ហួត លាងហេង ភេទប្រុស អាយុ៤៩ឆ្នាំ (ជាមនុស្សមានជម្ងឺសសៃប្រសាទ) ។
ជនល្មើស និងជនរងគ្រោះត្រូវជាម្ដាយនិងកូនរស់នៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដល ។ គ្រួសារនេះមានកូនចំនួន១០នាក់ ជនរងគ្រោះដែលមានជម្ងឺសសៃប្រសាទជាកូនច្បង រីឯជនល្មើសជាកូនពៅ ។
លោកសេង សុជាតិ បានបន្ដថា ជនរងគ្រោះឈ្មោះ ហួត លាងហេង ជាមនុស្សមានជម្ងឺសសៃប្រសាទតែងតែផផឹកថ្នាំជារៀងរាល់ថ្ងៃតាមវិជ្ជបញ្ជារបស់គ្រូពេទ្យ ។ លុះមកដល់ប៉ុន្មានថ្ងៃមុនពេលកើតហេតុជនរងគ្រោះរូបនេះ មិនព្រមផឹកថ្នាំសរសៃប្រសាទនោះទេ រហូតដល់វេលាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជម្ងឺបានរើឡើងធ្វើឲ្យជនរងគ្រោះរូបនេះលែងស្គល់ម្ដាយឪពុកនិងបងប្អូនព្រមទាំងបញ្ចេញភាពកាចសាហាវកាន់កាំបិតបុ័ងតោកាប់ប្រហារទៅលើម្ដាយដែលមានវ័យចាស់ជរារងរបួសក្បាលនិងលើក្បាលពោះយ៉ាងធ្ងន់ធ្ងរ ។ ឃើញដូច្នេះជនល្មើសជាប្អូនបានចូលទៅឃាត់ដើម្បីសង្រ្គោះស្រ្ដីជាម្ដាយ ក៏ត្រូវជនល្មើសកាប់មួយកាំបិតប៉័ងតោរងរបួសលើកដៃ ជនល្មើសក៏ព្យាយាមប្រតាយប្រតប់រហូតទាញបានដំបងប្រវែងមួយម៉ែត្រវាយសំពងទៅជនរងគ្រោះជាបងត្រូវចំក្បាលនិងផ្ទៃមុខរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់ជីវិតនៅកន្លែងកើតហេតុ ៕ ថាច់ យ៉ាត