ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករកីឡាការិនីឆ្នើម២៥នាក់ប្រជែងយកមេដាយសម្រាប់ព្រឹត្តិការណ៍ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករកីឡាការិនីចំបាប់ កម្ពុជា២៥នាក់ក្រោមការហ្វឹកហាត់ពីសំណាក់គ្រូចំបាប់ជនជាតិកូរ៉េឈ្មោះលោក គីម សូហ្គីល ត្រូវបានលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធអះអាងថា នៅថ្ងៃ ទី៦-៧ខែធ្នូខាងមុខនេះនឹងត្រូវចូលរួម ប្រកួតក្នុងតួនាទីជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកមកពី៧ប្រទេស។

លោកអគ្គលេខាធិការសហព័ន្ធនេះបានឲ្យដឹងថា ការប្រកួតកីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍ដែលព្រះរាជាណាចក្រកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចំនួន៧បានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ក្នុងនោះព្រះរាជាណាចក្រ កម្ពុជាម្ចាស់ផ្ទះមានសិទ្ធិដាក់កីឡាករកីឡាការិនីរបស់ខ្លួនបានរហូតដល់២នាក់ក្នុង ១ប្រភេទទម្ងន់ចំណែកភ្ញៀវដូចជាវៀតណាម ហ្វុីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងថៃ ពួកគេអាចដាក់កីឡាករកីឡាការិនីចូលប្រកួតបានតែម្នាក់គត់ក្នុង១ប្រភេទ ទម្ងន់ ប៉ុន្តែជាឧបសគ្គសម្រាប់កម្ពុជាគឺក្នុងចំណោមប្រទេសទាំង៧នេះ គឺវៀតណាមមានកីឡាករកីឡាការិនីខ្លាំងៗច្រើនពិបាកនឹងយកឈ្នះណាស់ ។

លោកបានបន្តទៀតថា សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដូចគ្នានេះដែរ កាលពីកន្លងទៅកីឡាករកីឡាការិនីកម្ពុជាបញ្ជូនទៅប្រកួត៥នាក់ទទួលបានមេដាយ៥ត្រឡប់មកវិញ ដូច្នេះហើយ ការប្រកួតជើងឯកលើកនេះក្នុងនាមម្ចាស់ផងនោះយើងសង្ឃឹមថានឹងទទួលបានមេដាយច្រើនព្រោះពួកគេត្រៀមយូរថ្ងៃមកហើយដែរ។

ចំណែកលោក គីម សូហ្គីល គ្រូបង្វឹក ចំបាប់ជនជាតិកូរ៉េខាងត្បូងបានលើកឡើងថា សម្រាប់ការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ លោកមានជំនឿថា កីឡាករ កីឡាការិនីកម្ពុជាធ្វើបានល្អតាមរយៈការហ្វឹកហាត់ត្រៀមខ្លួនរួចរាល់អស់ហើយ មានទាំងកម្លាំង និងបច្ចេកទេស ក្នុងការ ប្រជែងយកមេដាយពីសំណាក់ដៃគូអន្តរជាតិ។ ពាក់ព័ន្ធនឹងព័ត៌មានស្តីពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ខាងលើនេះដែរ សារព័ត៌មានគនរវត្តនៅមិនទាន់អាចសុំការពន្យល់បន្ថែម ពីលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាបានទេ ដោយទូរស័ព្ទរបស់លោកតេ ចូលតែគ្មានអ្នកទទួល ។ ប៉ុន្តែបើយោងតាម ទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សាមុត បានសរសេរបង្ហោះថា ក្នុងខែធ្នូឆ្នាំ២០១៦នេះ ក្រសួងអប់រំយុវ ជននិងកីឡានៅមានភារកិច្ចធំៗចំនួន៣ទៀត គឺការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី អាគ្នេយ៍ការប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍ និងការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកអាស៊ីអាគ្នេយ៍ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះគឺជាលើកទី១ហើយការរំពឹងទុកថានឹងដណ្តើមបានមេដាយច្រើនពី ព្រឹត្តិការណ៍នេះគឺមានរំពឹងខ្ពស់ដោយហេតុថា កន្លងមកកីឡាចំបាប់ជាវិញ្ញាសាមួយដែល អាចដណ្តើមមេដាយបានច្រើនគួរសមនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ៕ សារីម
%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%a0%e1%9f%8a%e1%9e%bb%e1%9e%93-%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%bb%e1%9e%8f
%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%b7%e1%9e%93-2


ចែករំលែក៖