ព័ត៌មានទាន់ហេតុការណ៍៖

អួនកែច្នៃកំពុងបំផ្លាញមច្ឆជាតិ និងមងប្រជានេសាទលក្ខណៈគ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទជាលក្ខណៈគ្រួសារ នៅឃុំរាំងទិល ស្រុកកណ្ដាង ខេត្តពោធិ៍សាត់ រាយការណ៍មកថា មានអួនកែច្នៃទឹកសាបអូសទាញដោយកម្លាំងម៉ាស៊ីនធំៗប្រមាណចំនួន ១០វង់ កំពុងធ្វើសកម្មភាពនៅក្នុងបឹងទន្លេសាប ដោយបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ និងផលប៉ះពាល់យ៉ាងសម្បើមដល់ប្រជានេសាទជាលក្ខណៈគ្រួសារ ដូចជារាយមងចងសន្ទូចជាដើម។ល។ដាច់គ្មានសល់។

ប្រភពព័ត៌មានខាងលើរាយការណ៍បន្ត សកម្មភាពក្រុមអួនកែច្នៃទឹកសាបអូសទាញដោយកម្លាំងម៉ាស៊ីនធំៗរាប់រយសេះទាំងចំនួនប្រមាណ ១០វង់ខាងលើនេះ គេសង្កេតឃើញកំពុងធ្វើសកម្មភាពប្រមាណចំនួន ៤ទៅ៥កន្លងមកហើយ នៅក្នុងបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹក ចន្លោះចាប់ពីអតីតៈ(ឡូត៍នេសាទលេខ៧ដល់លេខ៥) ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលរាយការណ៍បន្តទៀតថា សកម្មភាពនេះមិនទាន់ឃើញមានចំណាត់ការពីមន្រ្តីជំនាញឬស្ថាប័នពាក់ព័ន្ធនៅឡើយទេ ដូច្នេះហើយបញ្ហានេះនាំឲ្យផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មច្ឆជាតិស្ទើររលាយហិនហោចដាច់ពូជ ពិសេសជាងនេះទៅទៀតនោះ គឺបំផ្លាញឧបករណ៍ប្រជានេសាទជាលក្ខណៈគ្រួសារ(មងសន្ទូច) ពួកគេមិនដែលខ្វល់សោះឡើយគឺគេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយក្រុមប្រព្រិត្តបទល្មើសអួនកែច្នៃទឹកសាបអូសទាញដោយកម្លាំងម៉ាសុីនធំៗប្រមាណទាំងចំនួន ១០វង់ខាងលើសុទ្ធតែជាជនជាតិវៀតណាម ត្រូវបានគេដឹងថាមានចំនួន ៣ក្រុម ដោយក្រុមទី០១នៅឃុំរាំងទិល ស្រុកកណ្ដៀង មានចំនួន(០៣វង់)ក្រុមទី០២នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចំនួន(០៣វង់) និងក្រុមទី០៣នៅភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប មានចំនួន(០៤វង់)។

ប្រភពដដែលបញ្ជាក់ទៀតថា ករណីខាងលើនេះគេមិនជឿថាមន្រ្តីជំនាញរដ្ឋបាលជលផលតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមិនដឹងនោះទេ ប៉ុន្តែវាអាចជាការបើកភ្លើងខៀវទៅវិញក៏ថាបាននោះដែរ ព្រោះគេអាចសង្ស័យឲ្យក្រុមជនជាត់វៀតណាមប្រព្រិត្បទល្មើសតទាំងនោះ ធ្វើសកម្មភាពដើម្បីស្ទាបស្ទុងផលនេសាទ(ត្រី) រួចទើបគេតូតាល់តំលៃថ្លៃផ្នូរគ្នាជាក្រោយក៍ថាបាន ប្រជានេសាទជាលក្ខណៈគ្រួសារសំណូមពរយ៉ាងទទូចសុំការអន្តរាគមន៍ពីស្ថាប័នថ្នាក់លើ លើករណីការនេសាទខុសច្បាប់ធ្ងន់ធ្ងរស្ដីពីជលផល និងបំផ្លាញឧបករណ៍ការនេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់។

ករណីខាងលើនេះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យអ្នកយកព័ត៌មានមជ្ឃមណ្ឌលព័ត៌មាននគរវត្តដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ចាំប្រាប់លោក នាយខណ្ឌ, ផ្នែក, សង្កាត់រដ្ឋបាលជលផល ចុះទៅត្រួតពិនិត្យមើល ៕ ប៉ឹម ពិន

4 1 2 3


ចែករំលែក៖