ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកណ្តាលសហការណ៍បង្ក្រាបចាប់ខ្លួន​ជនចាប់ជំរិត​២នាក់ដែលធ្វើសកម្មភាពនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោយពីមានករណីចាប់ជំរិតនេះបានកើតឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបូរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួចមកកម្លាំងនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាដឹងថាជនល្មើសមកលាក់ខ្លួនក្នុងទឹកដីក្រុងតាខ្មៅទើបកម្លាំងនគរបាលក្រុងតាខ្មៅចុះសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ឈានទៅចាប់ខ្លូនជនជាតិចិន២នាក់ និងរំដោះបាននារីរងគ្រោះបានកាលពីថ្ល្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមបញ្ជាក់ថាករណីចាប់ជំរិតនេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបូរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបង្កដោយជនជាតិចិនមួយក្រុម ដោយពួកគេបានហៅនារីរងគ្រោះជាជនជាតិចិនដូចគ្នា ដែលបម្រើការងារជានារីម៉ាស្សា ឲ្យទៅម៉ាស្សាពួកគេ។

ក្រុមជនសង្ស័យធ្វើសកម្មភាពចាប់ជំរិតនារីរងគ្រោះ ទៅកាន់ផ្ទះសំណាក់ឈ្មោះ ដាឡាវ៉ាន់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយជនសង្ស័យបានគំរាមទារលុយ ចំនួន១មឺុនដុល្លារ ពីថៅកែហាងនារីរងគ្រោះ ហើយបើមិនឲ្យទេ ពួកគេនឹងសម្លាប់នាងចោល នៅវេលាម៉ោង១២ថ្ងៃត្រង់។ ដោយគម្រាមថានៅម៉ោង៣ រសៀលថ្ងៃនេះ បើមិនបានលុយចំនួន១មឺុនដុល្លារទេ នឹងសម្លាប់នារីរងគ្រោះចោលតែម្តង។

ក្រោយពេលបង្ក្រាបករណីចាប់ជំរិតនេះបានហើយ ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលខេត្តកណ្តាលបានប្រគល់អោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

fb_img_1479993835260

 


ចែករំលែក៖