ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រាវជ្រាវតាមកាមរ៉ាសុវត្ថិភាពរកឃើញមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់នៅស្រុកមោងប្ញស្សី

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលចរាចរណ៍ នៃសស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវតាមកាមរ៉ាសុវត្ថិភាពដែលគេបំពាក់នៅស្ថានីយ៍ប្រេងឥន្ធនៈរកឃើញមូលហេតុ ដែលឈានដល់កើតឡើងគ្រោះថ្នាក់ចរាចរណ៍រវាងររថយន្តលុចស៊ីស បុកជាមួយរថយន្តធុនធំ បណ្តាលឱ្យមនុស្ស៥នាក់ជិះក្នុងរថយន្តលុចស៊ីសស្លាប់ទាំងអស់ ដោយសារតែអ្នកបើករថយន្តលុចស៊ីស ដែលជារថយន្តរត់ឈ្នួល បានបើកប្រជែងម៉ូតូរ៉ឺម៉ក និងរថយន្តទួរីសរហូត២តង់គ្មានការប្រុងប្រយ័ត្ន ចូលទៅចំណែកផ្លូវរថយន្តធុនធំ ក្នុងទិសដៅច្រាសទិសគ្នា ក៏ត្រូវរថយន្តធុនធំបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរថយ្តលុចស៊ីផ្លោងខ្ទាតជាច្រើនម៉ែត្រ ។ អ្នកធ្វើដំណើរនិងអ្នកបើកបររថយន្តលុចស៊ីស្លាប់សរុប៥នាក់ ក្នុងនោះមានក្មេងស្រី១នាក់ ស្រ្តី៣នាក់ និងប្រុសម្នាក់ដែលជាអ្នកបររថយន្តនោះតែម្តង ។

សេចក្តីរាយការណ៍ឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះដែរ អ្នកបើករថយន្តធុនធំបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំណែកសាកសពជនរងគ្រោះខ្លះបានគាបជាប់និងនៅក្នុងរថយន្តលុចស៊ីស ហើយត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋ ចំណាយពេលជាច្រើនម៉ោងគាស់យកសពចេញពីក្នុងរថយន្ត។ រថយន្តទាំង២គ្រឿងរងខូចខាតយ៉ាងធ្ងន់។

ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានលោកវរសេនីយ៍ឯក សាត គឹមសាន្ត នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ សាកសពជនរងគ្រោះទាំង៥នាក់ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនោះហើយ។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងថា សាកសពជនរងគ្រោះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យកម្លាំងនគរបាលក្រោមបង្គាប់យករថយន្តចំនួន៣គ្រឿង ដឹកប្រគល់ឱ្យក្រុមគ្រួសារដល់ស្រុកកំណើតដោយមិនគិតថ្លៃនោះឡើយ ។

សាកសពជនរងគ្រោះទាំង៥នាក់មានឈ្មោះ១,ភី ភីន ភេទស្រី អាយុ៣ឆ្នាំ ២,ប៉ាឈូករ័ត្ន ភេទស្រី អាយុ៤២ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅភូមិកំបូល ឃុំកន្ធោក ស្រុកអង្គស្នួល ខេត្តកណ្តាល ៣, សាន់ ភីរម្យ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិកោះតាង៉ោល ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ៤, ផូ ម៉េងភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៥ អ៊ុំ សាវ៉ន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិអង្គរបាន៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុបើតាមសាក្សី ឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា រថយន្តលុចស៊ីមីនី៣០០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២Q ០៩៩៨ បានបើកបរក្នុងទិសដៅពីកើតទៅលិច ចេញពីរាជធានីភ្នំពេញ ក្នុងគោលបំណង មកខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុរថយន្តលុចស៊ីស ក៏បានបើកជែងម៉ូតូរ៉ឺម៉ក ១គ្រឿងនិងជែងរថយន្តទួរីស ១គ្រឿងទៀតរហូត២តង់ ចូលក្នុងចំណែកផ្លូវរថយន្តធុនធំ រំពេចនោះរថយន្តធុនធំ១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣C ៧៥០៩ បើកបរក្នុងទិសដៅច្រាសទិសគ្នា ពីលិចមកកើត ក្នុងល្បឿនលឿនផងដែរក៏បានមកដល់ចំណុចកើតហេតុ ហើយជ្រុលបុកជាមួយនិងរថយន្តលុចស៊ីផ្លោងខ្ទាតជាច្រើនម៉ែត្រតែម្តង។

សូមបញ្ជាក់ថានៅក្នុងភូមិសាស្រ្តស្រុកមោងប្ញស្សី ខេត្តបាត់ដំបង នៅលើកំណាត់ផ្លូវជាតិលេខ ៥ កន្លងមកត្រូវគេមើលឃើញថា បានជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនតូច បុករថយន្តធុនធំ ជាច្រើនលើកច្រើនសារមកហើយក្នុនោះគេឃើញតែងតែបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ក្នុងហេតុការណ៍នីមួយៗ។គ្រោះថ្នាក់ចរាចរណ៍នោះដែរ ត្រូវគេនិយាយថាដោយសារតែអ្នកបើកបររថយន្ត មិនគោរពច្បាប់ចរាចរណ៍៕សំ វិច្ឆិកា

img_3202 img_3099
img_3110 img_3187 img_3188 img_3191


ចែករំលែក៖