ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនិងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវលើករណីឃាត់កម្មលើជនជាតិវៀតណាមម្នាក់កាលពីវេលាម៉ោង១និង១៤នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ១៣១៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និង២នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន។
ប្រភពពីកម្លាំងសមត្ថកិច្ចខណ្ឌបាននិយាយថា សមត្ថកិច្ចខណ្ឌបានសហការនឹងកម្លាំងព្រហ្មទណ្ឌក្រុងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទី នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥៨២ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងបក្សពួក២នាក់ផ្សេងទៀតរត់គេចខ្លួន។ សមត្ថកិច្ចបន្តថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ធៀម ស៊ីវគួង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចខាងលើ។ចំណែកបក្ខពួករត់គេចខ្លួននោះមានឈ្មោះ សុខ ដារ៉ា ហៅកូវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ទេស ពុទ្ធីរង្សី ហៅក្អូន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានរំលឹកថា ជនរងគ្រោះមានឈ្មោះ ឡេ យុំងហុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ហើយត្រូវបានជនសង្ស័យវាយចាក់សម្លាប់កាលពីវេលាម៉ោង១និង១៤នាទីយប់រំលងអាធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងករណីទំនាស់។ សមត្ថកិច្ចពុំបានបញ្ជាក់ផងដែរថា ក្នុងករណីទំនាស់មិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ។
ដោយឡែកបើតាមប្រភពផ្សេងទៀតបានឲ្យដឹងថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យ១ក្រុមវាយតប់គ្នានៅឯសង្កាត់បឹងទំពន់ ក្រោយពីចាក់សម្លាប់ជនរងគ្រោះគេក៏ដឹកមកទម្លាក់ចោលនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជាមួយគ្នានេះផងដែរ លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ មានជ័យក៏បានបញ្ជាក់ប្រាប់ថា ករណីនេះអាចករណីបែកថ្នាំ។ បច្ចុប្បន្នជនសង្ស័យកំពុងនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងទៅតុលាការនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបន្តចាប់ខ្លួនបក្ខពួកបន្ថែមទៀតផងដែរ៕ តាឡឹម