ភ្នំពេញ៖ ស្នូរផ្ទុះអាវុធមួយគ្រាប់នៅជ្រាយទីក្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់ ព្រោះតែខឹងក្មេងៗអ្នករើសអេតចាយអង្គុយមុខផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង មុខផ្សារកណ្តាល ស្ថិតក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។
យុវជនម្នាក់ឈ្មោះ ប៊ុន សំអុល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា មុនពេលកើតហេតុរូបគេកំពុងតែអង្គុយលេងជាមួយឈ្មោះ តេង សុភក្រ្ត័ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេដចាយ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរ ហើយស្រែកសួរថា ពួកឯងចង់រករឿងអញមែន?
និយាយចប់ក៏ដក់កាំភ្លើងបាញ់ឡើងលើមួយគ្រាប់ រួចក៏ជិះម៉ូតូតាមផ្លូវបេតុសំដៅទឹសខាងជើងបាត់ ស្រមោលទៅ ធ្វើឲ្យរូបគេ និងយុវជនឈ្មោះ សុភ័ក្រ្ត ភ័យបះសក់ច្រូង រកនិយាយអ្វីក៏មិនចេញដែរ បានត្រឹមឈរមើលមុខគ្នា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានយកសំបកគ្រាប់កាំភ្លើងទៅបាត់ ។
សមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូងថា ករណីខាងលើគ្រាន់តែជាការបាញ់មេឃគំរាមក្មេងរើសអេតចាយប៉ុណ្ណោះ មិនមែនបង្ករបួសស្នាមដល់នរណាម្នាក់ឡើយ ហើយបើពិនិត្យសំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ គឺជនសង្ស័យប្រើប្រាស់កាំភ្លើងម៉ាក K54 ៕ សុខាសែនជ័យ