ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញឲ្យធ្វើលំនៅឋានជូនអតីតយុទ្ធជនកំពុងខ្វះទីជម្រក

ចែករំលែក៖

ខេត្តសៀមរាប៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងថា អតីតយុទ្ធជនមានគុណបំណាច់យ៉ាងធំ ធេងសម្រាប់សង្គមជាតិ តែមកទល់បច្ចុប្បន្នមានអតីតយុទ្ធជនជាច្រើននៅតែរស់នៅជាមួយជីវភាពទីទ័លក្រ ហើយអតីតយុទ្ធជនខ្លះទៀតកំពុងខ្វះទីជម្រកថែមទៀតផង។

ក្នុងជំនួបសំណេះសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយអតីតយុទ្ធជនក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញទៅដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទូទាំងរាជធានី ខេត្ត ត្រូវធ្វើ បច្ចុប្បន្នភាពរបស់អតីតយុទ្ធជន ហើយត្រូវស្រង់ស្ថិតិអតីតយុទ្ធជនមានជីវភាពខ្វះខាត និងគ្មានលំនៅឋានឲ្យបានច្បាស់លាស់បញ្ជូនទៅ អគ្គលេខាធិការដ្ឋានសមាគម ដើម្បីពិនិត្យដោះស្រាយបញ្ហា និងររៀបចំធ្វើលំនៅឋានជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានថ្លែងថា «នេះជាក្តីកង្វល់ដ៏ធំរបស់សមាគម ដែលចាំបាច់ត្រូវរិះរកគ្រប់លទ្ធភាពក្នុងការជួយសម្រាលទុក្ខលំបាករបស់បងប្អូន។ ក្រោយប្រទេសជាតិ ទទួលបានសុខសន្តិភាព បងប្អូន ត្រូវបានផ្ទេរជីវភាពជាជនស៊ីវិល មករស់នៅតាមមូលដ្ឋានរៀងៗខ្លួន។ បងប្អូនទាំងនោះ សុទ្ធតែជាអ្នកមានគុណបំណាច់ធំធេងណាស់ ចំពោះជាតិ និងប្រជាជន ប៉ុន្តែជីវភាពបងប្អូនមានកម្រិតមិនដូចគ្នាទេ ភាគច្រើនជាអ្នកក្រីក្រលំបាក»។

នាយឧត្តមសេនីយ៍ គន់ គីម បន្តថា «អ្វីដែលសមាគម បានផ្តោតការគិតគូរជាអាទិភាពចម្បងនោះ គឺការផ្តល់ទីជម្រក លំនៅដ្ឋានសមរម្យ ជូនបងប្អូនដែលមានដីស្រាប់ និងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនដែលទ័លលំបាកពិតប្រាកដ គ្មានដី គ្មានផ្ទះ ហើយរៀបចំសង់ជាផ្ទះស្នាក់នៅ និងមានដីបង្កបង្កើនផល ដោះស្រាយជីវភាពថែមទៀត»។

តាមរបាយការណ៍របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តសៀមរាប បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពបានរកឃើញអតីតយុទ្ធជនទ័លលំបាកក្នុងខេត្តសៀមរាបមានចំនួន ១១៨ គ្រួសារ។ អ្នកដែលក្រីក្រ ៣,៣៧៤គ្រួសារ ក្នុងនោះស្រុកសូទ្រនិគមក្នុងចំណោមសមាជិក ៤៣៩នាក់ រកឃើញអ្នកមានដី គ្មានផ្ទះ ឬមានផ្ទះមិនសមរម្យ ១៧គ្រួសារ និងអ្នកដែលគ្មានទាំងដី និងផ្ទះចំនួន ៣២គ្រួសារ ៕

aas-4 aas aas-1 aas-2 aas-3


ចែករំលែក៖